ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនិងប្រជាពលរដ្ឋបានគ្រប់គ្រងភ្លើងឆេះព្រៃនៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ

ចែករំលែក៖

ខេត្តកំពត៖ ករណីភ្លើងឆេះព្រៃនៅចំណុចជ្រោះឪម៉ាល់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ បានត្រូវពន្លត់បានទាំងស្រុងនៅវេលាព្រឹកព្រលឹមថ្ងៃ អាទិត្យទី១៧ ខែមីនា ឆ្នាំ ២០២៤។ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានឱ្យដឹងថា ដោយមានការលើកទឹកចិត្ត និងមតិដឹកនាំពីរដ្ឋបាលខេត្តកំពត ករណីភ្លើងឆេះព្រៃ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ត្រូវបានមន្រ្តីឧទ្យានុរក្សនៃ មន្ទីរបរិស្ថានខេត្តកំពត ក្រុមការងារការិយាល័យឧទ្យានជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងប្រជាការពារ ខិតខំប្រឹងប្រែងតាមដានឃ្លាំមើលនិងទប់ស្កាត់ភ្លើងឆេះព្រៃ ជាលទ្ធផលរហូតដល់ម៉ោង៦ព្រឹកនេះភ្លើងបានរលត់ស្ទើរទាំងស្រុងពុំបណ្តាលឱ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋឡើយ។ ក្រុមការងារកំពុងបន្តត្រួតពិនិត្យបន្ថែមចំពោះរកំទេចភ្លើងដែលនៅសេសសល់។ 

ចំពោះករណីនេះមន្ទីរបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែរ និងជាប់តំបន់ការពារធម្មជាតិ សូមចូលរួមបង្កា និងទប់ស្កាត់ភ្លើងឆេះព្រៃតាមវិធានដែលបានណែនាំដោយក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រោះជារដូវប្រាំងហើយអាកាសក្តៅខ្លាំងងាយនឹងបង្កអោយមានភ្លើងឆេះព្រៃ។ 

ទន្ទឹមគ្នានេះដែរ ក្រុមការងារនឹងពិនិត្យបន្ថែមលើទំហំនៃការខូចខាតធនធានធម្មជាតិ និងស្រាវជ្រាវ រកជនបង្កអោយកើតមានករណីនេះដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៦០ ជនណាដែលបានប្រព្រឹត្តបទល្មើស ធ្វេសប្រហែសបង្កអោយមានភ្លើងឆេះព្រៃត្រូវផន្ទាទោសជាបទល្មើសធនធានធម្មជាតិដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និង/ឬទោសពិន័យជាប្រាក់ពី១.៥០០.០០០រៀល ដល់១៥.០០០.០០០រៀល៕

ដោយ៖ សូរិយា


ចែករំលែក៖