ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី៤នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះ បន្តឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១ពាន់ហិកតា…

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបន្តចុះបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦មខែមីនា ២០២៤។ នៅថ្ងៃទី៤ នៃយុទ្ធនាការ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ២នាក់) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់ទៅពន្ធនាគារខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន ១ករណី។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីជាង ១.០០៩ហិកតា ដកហូតម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ១គ្រឿង និងបានរឹបអូស វត្ថុតាងមាន៖ រោងប្រក់ស័ង្កសី៧ម x ៨ម ៦ ខ្នង ខ្ទមប្រក់តង់ ៣ម x ៤ម ១១ខ្ទម, ដំឡូងមី ១,០៤៥ បាច់ រោងប្រក់ស្លឹក ១៣ខ្នង, មើមដំឡូងមី ៥០ការ៉ុង, ដើមចេក ១៧១គុម្គ, ដើមដូង ៨ដើម, ដើមខ្នុរ ៤ដើម។ 

សមត្ថកិច្ចចម្រុះ ក៏បានរឹបអូសដួចជា រោងប្រក់សង្ក័សី ៣ម x ៤ម ៤ខ្នង, រោងប្រក់តង់កៅស៊ូ ២ម x ៣ម ៧ខ្នង និងបង្គោលរបង ៥០ដើម។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រទី ១៥ ខែមិនា ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។ 

ក្នុងនោះដែរប្រតិភូរបស់ក្រសួងបរិស្ថានបានផ្តល់ ផែនទីកំណត់ដែនអភិរក្សធនធានធម្មជាតិ ដើម្បីឲ្យមេភូមិ មេឃុំ ត្រូវតែបញ្ចប់ក្នុងការចេញលិខិតបញ្ជាក់កម្មសិទ្ធជូនប្រជាពលរដ្ឋដែលបានរំលោភដីរបស់រដ្ឋក្នុងតំបន់ការពារធនធានធម្មជាតិ កន្លងមក ។ 

ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស

២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ

៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

យោងតាមអង្គប្រជុំកាលពីម៉ោង១៥និង០០នាទី , ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តពោធិសាត់ ក្រោមអធិបតិភាព បណ្ឌិត អ៊ាង សុផល្លែត និងនាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ២៥០នាក់ និងកម្លាំងនគរបាលចំនួន ២៥០នាក់ ដើម្បីចូលរួមអន្តរាគមន៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បង្ការទប់ស្កាត់ និងបង្ក្រាបបទបល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕

ដោយ៖ សូរិយា


ចែករំលែក៖