ភ្នំពេញ ៖ មន្ត្រីនាយកដ្ឋានអង្គរក្សចំនួន០៦នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តម៉ាក LexusLX470ចេញពីខេត្ត ឡេីងមកភ្នំពេញ រួចបុកបង្គោលស្លាកសញ្ញាបាក់មួយដើមហោះធ្លាក់ទៅបុកផ្ទប់ជញ្ជាំងក្រោមស្ពានកោះនរា កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះនរាផ្នែកខាងកើត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានបង្ហេីបឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus LX 470 ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ2M-5906 ខណៈក្នុងរថយន្តមានមនុស្សសរុប០៦នាក់ដែលគេដឹងថាជាមន្ត្រីនគរបាលនាយដ្ឋានអង្គរក្ស បានបេីកចេញពីខេត្តស្វាយរៀងឆ្ពោះមករាជធានីភ្នំពេញ ។ លុះបើកមកដល់ក្នុងបរិវេណកោះនរាធ្វើដំណើរទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ សង្ស័យតែតៃកុងងងុយដេកមួយភាំងក៏បានរេចង្កូតឡើងលើឃឿនថ្មនៃស្ពានកោះនរា បុកបង្គោលផ្លាកសញ្ញាកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងបាក់អស់ចំនួនមួយដើម រីឯរថយន្តផ្លោងទៅបុករបាំងថ្មស្ពានច្រាំងទន្លេគាបជាប់ទៅមុខលែងរួច និងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល៦នាក់ ។
ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះទាំង០៦នាក់ខាងលេីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះអាយុជីវិត ។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ ធ្វេីការវាស់វែង និងស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ