ខេត្តក្រចេះ ៖ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានចុះពន្យល់និងណែនាំបងប្អូនអាជីវករ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃដល់ការធ្វើដំណើររបស់ភ្ញៀវ និងតម្លៃលើមុខម្ហូបដែលផ្តល់ជូនភ្ញៀវទេសចរ ធ្វើឲ្យមានការរិៈគន់ពីភ្ញៀវមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក ម៉ែន វណ្ណា ប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី បានណែនាំដល់បងប្អូនអាជីវករត្រូវអនុវត្តនូវវិធានការមួយចំនួន៖-មិនត្រូវរត់ស្ទាក់ ឫឈរបាំងនៅពេលរថយន្តឆ្លងកាត់ ជៀសវាងអាចបង្ករគ្រោះថ្នាក់ -ហាមគោះរថយន្តភ្ញៀវទេសចរ -ហាមលក់លើសតម្លៃកំណត់ របស់គណៈកម្មាការ -ម្ហូបអាហារត្រូវរៀបចំឲ្យមានអនាម័យត្រឹមត្រូវ -ត្រូវសម្អាតទីតាំងអាជីវកម្មឲ្យបានស្អាតជាប្រចាំ ។
ក្នុងករណីមានការកើតឡើងទៀត គណៈកម្មការនឹងចាត់វិធានការទៅតាមលក្ខន្តិកៈច្បាប់បានកំណត់ សូមថ្លែងអំណរគុណចំពោះបងប្អូនភ្ញៀវទេចរដែលបានអញ្ជើញមកលេងកម្សាន្ត និងបានផ្តល់ព័ត៌មានមតិយោបល់ ក្នុងន័យស្ថាបនានិងកែលម្អ ដើម្បីឲ្យវិស័យទេចរខេត្តមានការរីកចម្រើន៕
ដោយ៖ តារា