ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ ការអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺ របេងបាន» (Yes! We Can End TB)។ ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំ ទូលាយ ព្រមទាំងបំផុសការយល់ដឹងលើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ សង្គមជាតិទាំងមូល។
ក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយជាអនេកប្បការដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែល ២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ
លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដួតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍នៅទូទាំងប្រទេសផងដែរ។ យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនគួរឱ្យ កត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះ យ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ។ ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះក្នុងអត្រា ៤៥% ពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុង ចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ ក្នុងឆ្នាំ២០២២។ រីឯករណីឆ្លងជំងឺរបេងថ្មីក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជា ជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ គឺបានថយចុះ ៤៥% ផងដែរ។ សមិទ្ធផលទាំងនេះបានអនុញ្ញាត ឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង នៅមុនកាលកំណត់ ៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅ លើសកលលោកអាចសម្រេចបាន។
ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យយើងបង្កើនល្បឿននៃកិច្ចខិតខំ ប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងសកលលោក។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជា អាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចទាំងមូល។
រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួម ចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺ របេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធនឹងជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្ម នៅតាមសហគមន៍ និងវត្តអារាម។
ទី៣- បន្តថែរក្សាអោយបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង ឱ្យបានលើស៩០%។
ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធនឹងជំងឺរបេង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យក្នុងពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រ ជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យនៃទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន” ក្លាយទៅជាការអនុវត្តជាក់ស្តែង ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា អាចធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺ ស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេង។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនកូនក្មួយជនរួមជាតិជា ទីស្នេហា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា