ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលដៅអាទិភាពចំនួន២របស់សម្តេច ក្នុងតំណែងជាប្រធានព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ លោក វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានបង្ហាញអំពីគោលដៅអាទិភាពចំនួន២របស់សម្តេច ក្នុងតំណែងជាប្រធានព្រឹទ្ធសភា។

គោលដៅអាទិភាព២នោះ រួមមាន៖ 

ទី១៖ ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេស ។

និង ទី២៖ គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វឿង ឌិញវ៉េ ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមោះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ជាមួយនឹងសំឡេងគាំទ្រជាឯកច្ឆន្ទ ៦២/៦២សំឡេង៕

ដោយ ៖ សិលា


ចែករំលែក៖