ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការក្តៅរយៈពេល២៦ថ្ងៃនៅខេត្តពោធិ៍សាត់ ឃ្លុំដីបានជាង១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្សបាន៤៧នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២៤នេះថា​ ក្នុងប្រតិបត្តិការរយៈពេល២៦ ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ​ កម្លាំងចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ១០,៣១០.៦៥ ហិកតា ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ក្នុងសកម្មភាពខាងលើក្រុមការងារចម្រុះក៏បានអប់រំប្រជាពលរដ្ឋចំនួន ៩២នាក់ផងដែរ។ 

សូមជម្រាបថា​ កាលពីថ្ងៃទី​០៤​ ខែមេសា​ ឆ្នាំ​២០២៤​ ក្រុម​ការងារចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ ដកហូតម៉ូតូ ១គ្រឿង និងដើមដំឡូវមីចំនួន ១បាច់។

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០% ក្នុងឆ្នាំ២០៥០៕

ដោយ​៖ តារា​


ចែករំលែក៖