ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកស្រី ប៉ាន់ ត្រាប្រណី នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅក្នុងភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ថ្លែងក្នុងមតិស្វាគមន៍ លោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានលើកឡើងថា កងពលធំអន្តរាគមន៍លេខ២ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងពង្រឹងប្រៀបការពារជាតិ និងខឿនការពារជាតិរបស់ប្រជាជន ការពារ រឹងមាំអធិបតេយ្យ បូរណភាពទឹកដីនៃមាតុភូមិ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រក្សាប្រក្រតីភាព កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោក ឧត្តមសេនីយ៍ឯក បានថ្លែង អំណរគុណដល់ អគរ និងប្រមុខរាជរដ្ឋាភិបាល ចំពោះការគិតគូរ យកចិត្តទុកដាក់ជួយទំនុកបម្រុង ឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពការងាររបស់កងពលធំអន្តរាគមន៍លេខ២ ក្នុងបុព្វហេតុខាងលើ ក៍ដូចជាការគាំទ្រដល់សកម្មភាពកសាង និងពង្រឹងអង្គភាពលើគ្រប់វិស័យ ជាពិសេសថ្លែងអំណរដល់ការចុះសួរសុខទុក្ខដោយផ្ទាល់នាឱកាសដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ ដើម្បីរឹតចំណងមេត្រីភាពរវាងអង្គភាពទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។
លោកបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគរ និង កងពលធំអន្តរាគមន៍លេខ២ ក្នុងខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីជាមួយគ្នា តាំងពីឆ្នាំ២០០៥ មក ដែលគិតមកដល់ពេលនេះមានរយៈពេលជិត ២០ឆ្នាំហើយ។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ អគរ តែងតែបានចងភ្ជាប់មនោសញ្ចេតនាឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខកងពលធំអន្តរាគមន៍លេខ២ ជាប្រចាំ និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយការងារជូនដល់បញ្ជាការដ្ឋាន ក៏ដូចជាថវិកាជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រ ផ្សារភ្ជាប់ជាមួយអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត។
ចាប់តាំងពីឆ្នាំ២០០៥ មក អគរ បានចូលរួមឧបត្ថម្ភដល់ការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ជាបន្តបន្ទាប់ដែលសមិទ្ធផលចម្បងៗ រួមមាន ការកសាងអគាររដ្ឋបាល ១ខ្នង, អគារបណ្ណាល័យ ១ខ្នង, ផ្លូវបេតុងចូលបញ្ជាការដ្ឋាន, បង្គោលអង់តែនវិទ្យុទាក់ទង និងវិទ្យុទាក់ទងមួយចំនួន, រោងរថយន្តដឹកជញ្ជូន, សួនច្បារក្នុងទីបញ្ជាការដ្ឋាន ព្រមទាំងការចូលរួមសាងសង់អគារ និងឧបត្ថម្ភសម្ភារប្រើប្រាស់ដទៃទៀត។
ក្នុងឱកាសនេះ ប្រតិភូ អគរ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ២ រួមមាន៖ ម៉ាស៊ីនបូមទឹក ៤គ្រឿង, អង្ករ ១៦តោន, មីកញ្ចប់ ៤០កេសធំ, ត្រីខ ៤០កេសធំ, ស្ករស ១តោន, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ៥០០កេស, ទឹកក្រូច ៥០០កេស, ស្រាបៀរ ៥០០កេស, ថវិកាជូនដល់បញ្ជាការដ្ឋានចំនួន ២០,០០០,០០០ រៀល, ថវិកាសម្រាប់សាងសង់អគារសាលប្រជុំវរសេនាតូចកាំភ្លើងធំ ចំនួន ២០,០០០ ដុល្លារ-អាម៉េរិក និងថវិកាជូនដល់នាយទាហាន, នាយទាហានរង និងពលទាហាន ៣០,០០០ រៀល ក្នុងម្នាក់។ សរុបជាថវិកាមានចំនួន ៣៨,៩៧២ ដុល្លារអាម៉េរិក និង ៧៦,៥៨០,០០០ រៀល៕
ដោយ ៖ សិលា