ព័ត៌មានទាន់ហេតុការណ៍៖

មហាគ្រួសារក្រសួងបរិស្ថាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី ជា សុផាកន្នី និងមានការអញ្ចើញចូលរួមពី ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថានជាច្រើនរូប។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន៧ អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសត្រៀម ទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោក របស់ទេវធីតាឆ្នាំថ្មីនេះ ឆ្នាំរោង ព្រះនាម «មហោទរាទេវី» នឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧នាទី និង២៤វិនាទីយប់។

នៅក្នុងពិធីនេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃនាយក និងព្រះភិក្ខុសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះមហាគ្រួសារក្រសួងបរិស្ថានទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ថា  បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ក៏មាននូវការសម្តែងមានរបាំជូនពរ និងរបាំត្រុដិ ដើម្បីកម្ចាត់ភាពចង្រៃឧបទ្រពនៅឆ្នាំចាស់ និងទទួលពរសិរីសួស្តីនៅឆ្នាំថ្មីផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖