ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក Gary Ward ជា General Manager Engagement of Victoria University of Wellington នៃប្រទេសនូវែលសេឡង់ ដើម្បីពិភាក្សាអំពីការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់សម្រាប់កម្ពុជា ជាពិសេស កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្រ្តីកម្ពុជា។
លោករដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់យុវជន និងមន្រ្តីកម្ពុជា ជាពិសេស វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្ថិតក្រោមកម្មវិធី ELTO ចាប់តាំងពីឆ្នាំ១៩៩៥ មក និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនូវែលសេឡង់ដែលបានយកចិត្តទុកខ្លាំងលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាវិស័យអត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋលេខាធិការក៏បានស្នើឱ្យភាគីនូវែលសេឡង់ពិចារណាបង្កើនចំនួនអាហារូបករណ៍រយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់យុវជន និងមន្រ្តីកម្ពុជា ជាពិសេស បន្ថែមវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីការទូតកម្ពុជា លើមុខជំនាញការចរចា ការនិយាយជាសាធារណៈ ការសរសេររបាយការណ៍ និងសេដ្ឋកិច្ចការទូតជាដើម ៕
ដោយ ៖ សិលា