ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានរៀបចំពិធីសូត្រមន្ដ​ និងបង្សុកូល​ ប្រោសព្រំប្រសិទ្ធពរជ័យ​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ មហាប្រសេីរកេីតមានដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងមន្ត្រីរាជការ​ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្នុងឱកាសបុណ្យចូលឆ្មាំថ្មី​ ប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តព្រះវិហារ​ នាព្រឹកថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២៤នេះ​ បានរៀបចំពិធីសូត្រមន្ដ​ និងបង្សុកូល​ ប្រោសព្រំប្រសិទ្ធពរជ័យ​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ មហាប្រសេីរកេីតមានដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងមន្ត្រីរាជការ​ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ក្រោមអធិបតីភាព​ លោក​ ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក គីម រិទ្ធី ជាអភិបាលនៃគណៈអភិបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលសាលាខេត្ត  ព្រមទាំង លោកតាជី យាយជី ជាច្រើនរូបទៀត។​ 

អាជ្ញាធរខេត្តបានថ្លែង នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យថ្លៃថ្លាពោរពេញដោយសេចក្តីសោមនស្សរីករាយបំផុតនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំខេត្ត សូមសម្តែង នូវអំណរសាទរឥតឧបមា នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនដល់កងកម្លាំងទាំង៣ប្រភេទ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្ត។ 

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានេះផងដែរ អាជ្ញាធរថ្នាក់ដឹកនាំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ» និងទេវតា ថែរក្សាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាល ប្រោះព្រំ នូវសព្ទសាធុការពរជ័យថ្វាយចំពោះ បងប្អូនយើង ប្រកប ដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ចាកផុតពីរោគាព្យាធិនានា និងសមប្រកបដោយ ពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖