ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់

នៅក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទូទាំងប្រទេស និង ក្នុងនាមរូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងអំណរសាទរឥតឧបមា និងចូលរួមជូន នូវសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរតរៀងទៅ។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ដ៏មោះមុត និងសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី ដែលកាលនៅជាប្រធានព្រឹទ្ធសភា បានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សម្រេចបាន នូវស្នាដៃដ៏ត្រចះត្រចង់ចូលរួមដំណើរការពង្រឹងនីតិរដ្ឋនៅកម្ពុជា ឱ្យមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លា ដើម្បីជា ឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ ដែលសំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ជាពិសេស ចូលរួមចំណែកក្នុងយុទ្ធនាការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលាភិរម្យថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយថែរក្សា អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំនិងភរិយា ៕

ដោយ ៖ សិលា


ចែករំលែក៖