ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការសំខាន់ៗឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការសំខាន់ៗ សំដៅលើការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយមរយៈពេលមធ្យមនិងវែង គឺជាការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី « បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សមិទ្ធផល និងវឌ្ឍនភាពក្នុងវិស័យធនធានទឹកនិងឧតុនិយមនឹងមិនអាចកើតមាននោះទេ ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម»។

សម្ដេចបានបន្តថា «កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំដោយសារសង្គ្រាម ហើយទើបតែរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយកម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិនៅទូទាំងប្រទេសតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា»។

រាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណអស់៤ដំណាក់កាលប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។

សម្ដេចធិបតីបានបន្តទៀតថា ឈរលើមូលដ្ឋានបទពិសោធន៍កន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព នីងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕

ដោយ ៖ សិលា


ចែករំលែក៖