ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ រយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់!

ចែករំលែក៖

ភ្នំពេញ ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

រយៈពេល៤ថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់ដែលបទល្មើសទូទៅទាំងនោះមានចរិតលក្ខណៈជាសភាពការណ៍សង្គមធម្មតាទូទៅប្រចាំថ្ងៃតែប៉ុណ្ណោះ។

បើតាមលោកប ទូច សុឃៈ (សុខៈ) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ងៃទីមួយ គឺថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចក្នុងក្របខណ្ឌនៃក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសចំនួន២៣ករណី ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន ៤៤នាក់។ នៅថ្ងៃទីពីរ គឺថ្ងៃទី១៤ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានចំនួន ២៣ករណីដោយឃាត់ខ្លួនមនុស្សចំនួន ៥០នាក់។ នៅថ្ងៃទីបី គឺថ្ងៃទី១៥ ខែមេសា បង្ក្រាបបានចំនួន ១៩ករណីដោយឃាត់ខ្លួនមនុស្សចំនួន៣៣នាក់ និងថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា បង្ក្រាបបាន១៤ករណីដោយបានឃាត់ខ្លួនមនុស្សចំនួន២៧នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសទូទៅបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដោយសារសមត្ថកិច្ចបានរៀបចំផែនការការពារ ផែនការអន្តរាគមន៍ និងផែនការសង្គ្រោះយ៉ាងច្បាស់លាស់តាមគោលដៅនីមួយៗនៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនខ្មែរកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា៖«សមត្ថកិច្ចបានលះបង់កម្លាំងកាយចិត្ត ពេលវេលាពីក្រុមគ្រួសារប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសភាពការណ៍នៃសង្គមប្រចាំថ្ងៃ។ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសមានប្រសិទ្ធភាពរហូតដល់៩៩ភាគរយ»។ 

ចំពោះករណីក្មេងទំនើងវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ផងដែរថា មានសញ្ញាណល្អប្រសើរដែលយុវជន យុវតីខ្មែរមានស្មារតីជាខ្មែរ ចេះយោគយល់អធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមក ទោះបីជាមានសកម្មភាពប្រមូលផ្តុំចូលរួមកម្សាន្តរីករាយ រាំ ជះទឹក និងប៉ាតម៉្សៅគ្នាទៅវិញទៅមកក្នុងតំបន់សង្ក្រាន្តនៅតាមបណ្តាខេត្តទូទាំងប្រទេសក្តី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាជនខ្មែរនឹងបន្តថែរក្សាស្មារតីខាងលើនេះបន្ថែមទៀត ដើម្បីចូលរួមថែរក្សាសន្តិសុខសង្គមកាន់តែល្អប្រសើរដោយរក្សាបាននូវស្មារតីសាមគ្គីភាព ភាតរភាព ទទួលខុសត្រូវ គុណធម៌ល្អ សីលធម៌ល្អ និងខិតខំប្រឹងប្រែងស្វែងរកចំណេះវិជ្ជា សមត្ថភាពជំនាញ ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ


ចែករំលែក៖