ព័ត៌មានទាន់ហេតុការណ៍៖

យើងរួមគ្នាបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍

ចែករំលែក៖

ភ្នំពេញ៖​ តបតាមការអញ្ជើញ និងការអនុញ្ញាតពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨” នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពលោកបណ្ឌិត ឈិន ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមសមាជិកចូលរួមថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ជាប្រភេទប្រជុំផ្ទាល់ និងពីចំងាយ។ 

លោកបណ្ឌិត ឈិន ឃិនដារ៉េត អគ្គលេខាធិការបានស្វាគមន៍ និងបានជម្រាបជូនពីការងារដែលបានរៀបចំកន្លងមកដោយមានការសហការពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងកម្រិតថ្នាក់នយោបាយ និងបច្ចេកទេស ហើយគ្រោងនឹងរៀបចំវេទិកាជាមួយដៃគូ ក្នុងចក្ខុវិស័យធានាថាប្រទេសកម្ពុជាជាប្រទេសមួយគ្មានការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ព្រមទាំងធានាថា ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យ ខ្លាច ដោយសារជំងឺអេដស៍ ជាមួយនឹងគោលបំណងចំនួន ០៣គោលដៅ ចំនួន០៧​ វិធានការចំនួន ៥៣ យកប្រជាជនជាស្នួលទប់ស្កាត់ការឆ្លងថ្មីក្រោម១ករណីក្នុងមួយថ្ងៃ ឬជាង២០០នាក់ក្នុងមួយឆ្នាំ ស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ  បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ 

ជាមួយគ្នានេះ លោកបណ្ឌិត ឈិន ឃិនដារ៉េត បានជំរុញឱ្យគ្រប់តំណាងក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិលើកគម្រោងថវិកាសម្រាប់គាំទ្រគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨”។ 

សូមបញ្ជាក់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍និងជំងឺអេដស៍ តាមរយ:ការពង្រីក ពង្រឹងនិងពន្លឿនកម្មវិធីបង្ការ កម្មវិធីថែទាំព្យាបាល គាំពារសង្គម បញ្ចប់ការរេីសអេីង​និងមាក់ងាយ ចលនា ធនធាន ពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធតាមដាន និងវាយតម្លៃ ជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖