ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
យោងតាមរបាយការណ៍ការរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក៥) នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ២០២៤ ម៉ោង១៣៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនល្មើស ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាម ដោយសរុបគ្រឿងញៀនចាប់យកទម្ងន់ ២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ