ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះក្នុងវង់ផឹកស្រាលេងបៀចាញ់អស់លុយកាប់គ្នារបួសធ្ងន់ពីរនាក់ម្នាក់ធ្លាយពោះវៀន ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់បន្ទាប់ពីគេចខ្លួនក្រោយបង្កជម្លោះក្នុងវង់ផឹកស្រាលេងបៀដាក់លុយចាញ់អស់ក៏ឈ្លោះប្រកែកជេរគ្នាខឹងទាញយកកាំបិតផ្គាក់កាប់អ្នកចាញ់ជាច្រើនកាំបិតបណ្ដាលឱ្យរបួសធ្ងន់ពីរនាក់និងធ្លាយពោះវៀនចេញមកក្រៅត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម។

ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងែទី២៧ ខែមេសាឆ្នាំ២០២៤បន្ទាប់ពីគេចខ្លួនមួយថ្ងៃដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាយ៉ស់សហការជាមួយអធិការដ្ឋាននគរបាលស្រុកលំផាត់តាមចាប់បាននៅស្រុកលំផាត់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះទី១.ឈ្មោះជិន សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករ។

ទី២.ឈ្មោះសែម ផូយ ភេទប្រុស អាយុ ៤៦ឆ្នាំជនជាតិខ្មែរ មុខរបរជាកម្មករ។ 

រីឯជនដៃដល់មានឈ្មោះចុន រី ហៅតារី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចម្ការឱ្យឈ្មោះម៉ុប គៀង បច្ចុប្បន្នមានពីលំនៅ ភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពបន្តថា កាលថ្ងៃទី២៦ខែមេសាឆ្នាំ២០២៤  ជនរងគ្រោះនិងជនដៃដល់បាននាំគ្នាផឹកស្រាលេងបៀនៅផ្ទះជនរងគ្រោះ នៅពេលនោះជនរងគ្រោះ ចាញ់អស់លុយ រួចបានជេរអ្នកឈ្នះ គឺឈ្មោះតារី បន្ទាប់ពីជេររួច តារីបានដើរទៅផ្ទះដែលនៅជិតគ្នា និងបានទាញយកកាំបិតផ្គាក់មកជាមួយផង រីឯជនសង្ស័យទាំងពីរនាក់ពុំបានចាប់អារម្មណ៍នោះទេ ខណៈពេលនោះ តារីបានកាប់ជាច្រើនកាំបិតទៅលើជនរងគ្រោះចំនួនពីរនាក់បណ្ដាលឲ្យរបួសចំស្មានិងកដៃខាងស្ដាំ ចំណែកម្នាក់ទៀតកាប់ចំពោះធ្លាយចេញពោះវៀនមកក្រៅ។

ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់មួយយប់ លុះដល់ថ្ងៃទី ២៧ខែមេសាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាយ៉ស់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់តាមចាប់បាន រួចនាំខ្លួនយកទៅអធិការដ្ឋានស្រុកដើម្បីសាកសួរនិងបង្កសំណុំរឿងបញ្ជូនខ្លួននិងភស្តុតាងមានកាំបិតផ្គាក់១ដើមផងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖