ព័ត៌មានទាន់ហេតុការណ៍៖

រលំដើមឈើសង្កត់រថយន្តនិងម៉ូតូកង់បី ទាំងកណ្តាលថ្ងៃក្តៅខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ មានករណីដួលរលំដើមក្ងោក សង្កត់លើម៉ូតូកង់បីនិងរថយន្តបណ្តាលអោយរងការខូចខាត តែមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង២០នាទី នៅចំណុចខុនដូ ថាម ស្វែរ តាមបណ្តោយផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូកង់បីបានអោយដឹងថា មុនពេលកើតហេតុ គាត់បានបើកបរកង់បីតាមបណ្តោយផ្លូវ៣១៧ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងដើម្បីទៅយកភ្ញៀវ ខណៈមកដល់ចំណុចខុនដូ ថាម ស្វែរ ក៏ស្រាប់តែដើមឈើប្រភេទដើមក្ងោកមួយដើមបានរលំសង្កត់ពីលើដំបូលកង់បីរបស់គាត់ តែសំណាងល្អដោយសារតែមានរថយន្តមួយគ្រឿងម៉ាកធុនដ្រា ពណ៌ខ្មៅ ដែលចតជាប់នឹងដើមឈើដែលដួលរលំនោះ បណ្តាលអោយខ្ទេចមួយកំណាត់មុខ តែមិនបង្កអោយនរណារងរបួសឡើយ ។ 

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ រួចបន្តទាក់ទងទៅមន្ទីរសាធារណការ ដើម្បីមកកាត់មែកឈើ យកចេញពីផ្លូវ កុំអោយមានការកកស្ទះចរាចរណ៍ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖