ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតករណីសុំលុយគេមិនឱ្យ យកដុំថ្មវាយបុរសម្នាក់ប្លន់យកទូរស័ព្ទនឹងប្រាក់មួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជនសង្ស័យ៤នាក់ ករណីសុំលុយគេមិនឲ្យយកដុំថ្មវាយបុរសម្នាក់ប្លន់យកទូរស័ព្ទនឹងប្រាក់មួយចំនួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន ហេតុការណ៍នេះបានកើតឡងកាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នៅចំណុចមាត់ទន្លេ ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលឬស្សីកែវ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤  ជនសង្ស័យជាបក្ខពួកដែលនៅសេសសល់ឃាត់ខ្លួនបានម្នាក់ទៀតនេះមានឈ្មោះ យ៉ន ចំរើន  ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិ១៧សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុន សារឿន អាយុ៤០ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅផ្ទះលេខ៤៧ ផ្លូវ២១៧ ភូមិសេនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ធឿន ប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)

គួរបញ្ជាក់ផងដែរថានៅថ្ងៃកើតហេតុ ជនរងគ្រោះបានហៅម៉ូតូឡំប្រឺតាធ្វើដំណើរមកពីម្ដុំផ្សារឃ្លាំងរំសេវ មកដល់ចំណុចដីឡូតិ៍មាត់ ទន្លេ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ហើយជនរងគ្រោះដើរទៅម្ដុំមាត់ទន្លេអង្គុយលេង បន្ទាប់មកមានជនសង្ស័យ០៤នាក់បានដើរមកជិតជនរងគ្រោះ ហើយបាននិយាយសុំប្រាក់ជនរងគ្រោះចំនួន២០.០០០រៀល ដើម្បីទិញថ្នាំជក់ហើយជនរងគ្រោះមិនអោយ បន្ទាប់មកក្រុមជនសង្ស័យបានវាយជនរងគ្រោះ ដោយប្រើដៃនិងដុំថ្មវាយបណ្ដាលអោយរងរបួសបែកក្បាលនិងបានយកទូរស័ព្ទ០១គ្រឿងម៉ាកOPPO ពណ៌ខៀវ និងប្រាក់ចំនួន៥០ដុល្លារហើយជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌយើងបានទទួលព័ត៌មានបានចុះស្រាវជ្រាវនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ១និង៣០នាទីរសៀល សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធឿន ប៊ុនថន នៅចំណុចមាត់ទន្លេ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកអធីការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីសួរនាំ បន្ត។រួចបានទំនាក់ទំនងទៅជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌឬស្សីកែវ។

ចំណែកជនសង្ស័យឈ្មោះញ៉ាញ់ ភេទប្រុស​ អាយុប្រហែល២៣ឆ្នាំជនសង្ស័យឈ្មោះ ស្នា ភេទប្រុស អាយុប្រហែល២០ឆ្នាំនិងជនសង្ស័យឈ្មោះ មិត្ត ភេទប្រុស អាយុប្រហែល២៣ឆ្នាំ គេចខ្លួនបាត់។

សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទរចំនួន០១គ្រឿងម៉ាកOPPO ពណ៌ខៀវ លេខស៊ីម០៧១ ៥៥ ៣២ ០៩០ និងប្រាក់ចំនួន៥០ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីបន្តនីតិវិធី ហើយកម្លាំងជំនាញខណ្ឌកំពុងស្រាវជ្រាវរកបក្ខពួកសេសសល់និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖