ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជប៉ុនជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ប្រទេសជប៉ុន ជាប្រទេសដែលផ្តល់ជំនួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេស ច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍ មកជាប្រទេសដែលវិនិយោគកើនឡើងឥតឈប់ឈរជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសទី១ដែលទទួលវត្តមានទ័ពជប៉ុននៅក្រៅប្រទេសក្នុងបេសកកម្មរក្សាសន្តិភាព បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយជប៉ុន បានប្រែក្លាយពីប្រទេសដែលផ្តួចផ្តើមផ្តល់ជំនួយអន្តរជាតិមកកម្ពុជា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបង្កើតរោងចក្រនៅទីនេះ គឺជានិមិត្តរូបនៃការបន្តរួបរួមរបស់ប្រទេសជប៉ុននៅក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកដែលជប៉ុនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនតូយ៉ូតា ជាក្រុមហ៊ុនយក្ស មុននឹងគេធ្វើអ្វី គេគិតគូរច្បាស់លាស់ណាស់។ អីចឹង បើយក្សមកកម្ពុជា នឹងលើកទឹកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេងទៀត នឹងមកកម្ពុជា។ នេះគឺជាការទាក់ម៉ូយធំណាស់»។

បើតាមការថ្លែងរបស់សម្តេចធិបតី ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា ហើយសម្តេចបានបង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។ ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។

សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា បោះទុនជិត ៣៧លានដុល្លារ ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕

ដោយ ៖ សិលា


ចែករំលែក៖