ភ្នំពេញ ៖ ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទី១ បានបន្តមកដល់ថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ការប្រឡងក្នុងថ្ងៃទី៣នេះ រៀបចំធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា គឺនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅថ្ងៃទី០៤ខែឧសភានេះ បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងប្រជែងប្រព្រឹត្តិទៅចំនួន ២វេន ដោយវេនទី១ ចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។
ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសា លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការប្រឡងនេះ គ្មានការបែកធ្លាយវិញ្ញាសានោះទេ ព្រោះវិញ្ញាសាតាក់តែងភ្លាមៗនៅពេលព្រឹក បន្ទាប់មកថតចម្លងចែកជូនបេក្ខជនភ្លាមៗក្នុងថ្ងៃតែមួយ។ ការប្រឡងគោរពទៅតាមគោលការណ៍ គុណណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
លោក អាត វឌ្ឍនា អនុគណៈកម្មការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងដែរថា ក្នុងរយៈពេលប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ គឺប្រព្រឹត្តិទៅដោយរលូន គ្មានអំពើអសន្តិសុខអ្វីមួយកើតឡើងគួរឱ្យកត់សំគាល់នោះទេ។ ហើយក្រុមការងារនៅតែបង្កើនការយកចិត្តទុកចំពោះសន្តិសុខ សណ្តាប់ធ្នាប់។ ជាមួយគ្នានេះ អ្នកសង្កេតការការប្រឡង បានឱ្យដឹងដែរថា ដំណើរការប្រឡងក្នុងថ្ងៃទី៣នេះ ប្រព្រឹត្តិទៅតាមគោលការណ៍ដែលបានកំណត់ និងគ្មានការបែកវិញ្ញាសារ។
អាណាព្យាបាលដែលបានកូនៗ មកប្រឡង ជឿកជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យនាពេលនេះ គឺធ្វើឡើងដោយតម្លាភាព យុត្តិភាព និងគ្មានអំពើពុករលួយ ដូច្នេះទើបពួកគេ បានជំរុញលើកទឹកចិត្តដល់កូនៗមកចូលរួមប្រឡងបែបនេះ។ ម្យ៉ាងវិញទៀតកូនៗរបស់ពួកគេ ក៍ស្រឡាញ់អាជីពជាគ្រូបង្រៀននេះផងដែរ។
គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសគ្រូងបង្រៀនអនុវិទ្យាល័យ សម្រាប់បំរើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា មានការប្រឡងចំនួន២លើក ដោយកំណត់យកគ្រូបង្រៀននៅអនុវិទ្យាល័យចំនួន៤៤១នាក់ ខណៈបេក្ខជនដាក់ពាក្យប្រឡងមានជាង៣ម៉ឺននាក់។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រសៀលនេះចុះសួរសុខទុក្ខឪពុកម្តាយ បងប្អូន របស់បេក្ខជនប្រឡងដោយមាន ប្រសាសន៍ថា ៖ នៅក្រៅមណ្ឌលប្រឡង មិនថាអាកាសធាតុក្តៅយ៉ាងណា ក៏ឪពុកម្តាយ អាណាព្យាបាល រង់ចាំលើកទឹកចិត្ត បេក្ខជនដែលកំពុងប្រឡងប្រជែងនៅខាងក្នុងមណ្ឌល ប្រកបដោយក្តីស្រឡាញ់។ សូមអ៊ំ ពូ មា មីង បងប្អូន ទុកចិត្តលើប្រព័ន្ធប្រឡងប្រជែងរបស់យើងនេះ ហើយសូមកុំមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡង។
ប្អូនៗ ក្មួយៗ ជាបេក្ខជនដែលមានសមត្ថភាពពិតប្រាកដលើសគេ នឹងទទួលបានជោគជ័យលើការប្រឡងប្រជែងនេះ ហើយនឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា ៕
ដោយ ៖ សិលា