ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ ផ្លូវថ្មើរជើងវែងជាងគេ នៅភ្នំពេញ ចាប់ផ្តើមសាងសង់នៅចុងខែឧសភា នេះហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ម៉េត មាសភក្ដី  អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះថា៖ នៅចុងខែឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការការងារ សាងសង់ផ្លូវថ្មើរជើងដែលមានប្រវែងវែងបំផុតនៅរាជធានីភ្នំពេញ ។ 

     លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ផ្លូវថ្មើរជើងនេះមាន៣ទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ហើយបើគិតជាផ្ទៃដីគឺមានទំហំ ៥៧ហិកតា ដែលលោកចាត់ទុកថាធំជាងគេក្នុងក្រុង។

     ផ្លូវថ្មើរជើងទី១ មានទីតាំងនៅមុខអគារប្រៃសណីយ៍មរតកជំនាន់បារំាង ដែលនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានវត្តភ្នំ។ ផ្លូវសម្រាប់ដើរនេះគ្រោងនឹងរៀបចំលើផ្ទៃដីទំហំជាង ៣ហិកតា លាតសន្ធឹងពីផ្លូវលេខ ៩៤ ដល់ វិថីព្រះសីសុវត្ថិ។ អមផ្លូវដើរនេះ ក៏មានវិថីអាហារ និងហាងទំនិញផងដែរ។

ផ្លូវថ្មើរជើងនៅតំបន់ទី២ដែលនឹងសាងសង់ក្នុងពេលដំណាលគ្នាដែរនោះមានទំហំជាង ២០ហិកតា ដោយខាងជើងជាប់ផ្លូវ ១០៦ ភ្ជាប់ទៅដល់វិថីព្រះស៊ីសុវត្ថិភាគខាងកើត។ ផ្លូវដើរនេះត្រូវកំណត់ជាគោលដៅសម្រាប់ តំបន់ pop street ស្រដៀងគ្នានឹងនៅខេត្តសៀមរាប។

     ចំណែកតំបន់ទី៣វិញ មិនត្រឹមតែជាផ្លូវសម្រាប់ថ្មើរជើងប៉ុណ្ណោះទេ តែនឹងត្រូវរៀបចំជាតំបន់លំហែ មានកន្លែងអង្គុយស្រូបយកខ្យល់អាកាស។ ផ្លូវនេះមានទំហំជាផ្ទៃដីធំជាងគេដល់ទៅ៣៤ហិកតា ដោយមានព្រំប្រទល់ខាងជើងជាប់ផ្លូវលេខ ១៨៤ ខាងត្បូងជាប់មហាវិថីព្រះសីហនុ ខាងលិចជាប់ផ្លូវលេខ ០៧ និងខាងកើតជាប់វិថីព្រះស៊ីសុវត្ថិ។

       លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងដែរថា៖  តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងឱ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន។      

សូមបញ្ជាក់ថា កាលពីមួយសប្ដាហ៏កន្លងមកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ដ្រីជំនាញរួចហើយរឿងការងារសាងសង់នេះ ដោយបានបញ្ជាក់ថា៖  ចំពោះដំណើរការសាងសង់ផ្លូវថ្មើជើងនេះត្រូវ បញ្ចប់មុនដំណាច់ឆ្នាំ២០២៤ឱ្យបាន តាមផែនការ  ដើម្បីឱ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកំសាន្តសប្បាយ នាឳកាសចូលឆ្នាំសកល ។ តំបន់ទាំង៣ នឹងបើកឱ្យ ប្រជាជន ដើរហាត់ប្រាណ និងបរិភោគអាហារ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ ។ 

     លោក ឃួង សេ្រង មិនបានបញ្ជាក់ទេថា គ្រោងចំណាយថវិកា អស់ ប៉ុន្មានសម្រាប់ការសាងសង់និងរៀបចំ និងថាតើគម្រោងនេះនឹងមានផលប៉ះពាល់ដែរឬទេទៅលើបរិស្ថាន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។  យ៉ាងណាក៏ដោយ ផែនការនេះគឺស្របគ្នានឹងគម្រោងរបស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន និងក្រសួងដែនដី និងនគរូបនីយកម្ម ដែលគ្រោងដឹកនាំរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញឱ្យ មានសោភណភាព និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលរួមមានទាំងការដាំដើមឈើនៅតាមដងផ្លូវផងដែរ។      លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ  ក៏បានលើកឡើងដែរថា៖ រាជធានីភ្នំពេញត្រូវការដើមឈើច្រើនដើម ដើម្បីផ្តល់ម្លប់ ខ្យល់ឧកហ្ស៊ីហ្សែន និងទាញទឹកភ្លៀង។ បន្ថែមពីលើនេះ សាលារាជធានី ត្រូវការ សួនសាធារណៈធំៗដែលអាចឱ្យ ប្រជាជនជ្រក សម្រាក  ការឡើងកម្តៅខ្លាំង  ជាសារក្រើនរំលឹកពីតម្រូវការបន្ទាន់ក្នុងការរៀបចំទីក្រុងឡើងវិញ ផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖