ខេត្តកោះកុង៖ ខេត្តកោះកុង ជាតារារះនៃទិសនិរតីរបស់កម្ពុជា និងជាខេត្តសម្បូរពោរពាសដោយសក្តានុពលទេសចរណ៍ចម្រុះ រាប់ចាប់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែនកោះជាច្រើន រួមជាមួយនឹងជីវចម្រុះជាច្រើនក្រោមផ្ទៃទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់គួរជាភាពទាក់ទាញ លើសពីនេះខេត្តកោះកុង ក៏សម្បូរទៅដោយតំបន់អេកូទេសចរណ៍ជាច្រើនដែលអ្នកទេសចរអាចផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិ រួមមាន ជ្រោះជ្រងជ្រលងដងព្រែក និងព្រៃលិចទឹក ក៏ដូចជាតំបន់ទេសភាពស្អាតៗជាច្រើនផ្សេងទៀត ដែលអំណោយផលពីជួរភ្នំក្រវាញ ប្រៀបបាននឹងគំនូរដែលវិចិត្រករបានប្រិតប្រៀង សម្រិតសម្រាំងដោយយកចិត្តទុកដាក់ ។
តាមរយៈ វីដេអូរយៈពេល ២នាទី និង ១៧ វិនាទី ដែលបានចំណាយពេលស្ទើរតែពេញមួយឆ្នាំ ក្នុងការផ្តិតយករូបភាពតំបន់ទេសចរណ៍ជាច្រើនកន្លែង ជាពិសេសភាពស្រស់ស្អាតនូវតាមរដូវកាលនីមួយៗ ដែលជាសក្តានុពលទាក់ទាញដ៏សំខាន់នៃខេត្តកោះកុង ។
សូមបញ្ជាក់ថា ៖ កន្លែងទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុង បានទៅលេងធានាអស់កង្វល់ តាំងពីឆ្នាំ២០២០ម្លេះ បច្ចុប្បន្នរីកចម្រើនច្រើន !
តំបន់ទេសចរមាន ៖
១ ទឹកធ្លាក់តាតៃ ៖ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ដែលស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។ ចំងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ៤៨ ហើយប្រជាជននៅទីនោះប្រកបមុខរបរជា អ្នកនេសាទ និងការប្រមាញ់។
២ កោះស្តេច ៖ អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹក សមុទ្រដ៏ខៀវស្រងាត់ផងដែរ។ នៅទីនោះសំរាប់ភ្ញៀវបរទេសភាគច្រើន ចូលចិត្តការហែលទឹកលេងកំសាន្ត និងស្ទួចត្រីនៅ លើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះនៅទីនោះក៏មានកន្លែងជាច្រើនដូចជាៈ កន្លែងវាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត មានកន្លែងលេងល្បែងនៅក្នុងរីសត ការជិះកង់កំសាន្តជុំវិញកោះ ការដើរលេងកំសាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេងជាដើម។
២ កោះស្តេច ៖ អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹក សមុទ្រដ៏ខៀវស្រងាត់ផងដែរ។ នៅទីនោះសំរាប់ភ្ញៀវបរទេសភាគច្រើន ចូលចិត្តការហែលទឹកលេងកំសាន្ត និងស្ទួចត្រីនៅ លើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះនៅទីនោះក៏មានកន្លែងជាច្រើនដូចជាៈ កន្លែងវាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត មានកន្លែងលេងល្បែងនៅក្នុងរីសត ការជិះកង់កំសាន្តជុំវិញកោះ ការដើរលេងកំសាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេងជាដើម។
៣ ឆ្នេរនេសាទ ៖ ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយ ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសម្រាកកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅលេង លើខ្សាច់សស្អាត មាន ដើមដូងដុះខ្លះទេរ ខ្លះត្រង់ និងអាចទស្សនាសម្រស់ ព្រះសុរិយាអស្តង្គត និងរលកសមុទ្រព្រិចៗ គួរឲ្យចង់គយគន់មិនជិនណាយ។ ពិសេសជាងនេះទៅទៀត យើងក៏អាចស្នាក់នៅ និងកុម្ម៉ង់អាហារ ភេសជ្ជៈផ្សេងៗ ញុំាជាលក្ខណៈគ្រួសារ មិត្តភក្តិ ប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅប្របមាត់ឆ្នេរ នេសាទផងដែរ។
៤ ឆ្នេរផ្កាយ៧ ៖ ឆ្ឆ្នេរខ្សាច់ស ទឹកថ្លាមើលឃើញដី ទេសភាពក៏ស្អាត ហើយស្ងប់ស្ងាត់ទៀត ឆ្នេរនេះស្ថិតក្នុង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
៥ ពាមក្រសោប (ព្រៃកោងកាង) ៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
៦ ឆ្នេរបារាំង ៖ ឆ្នេរមួយនេះស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បេីសិនជាមកលេងតំបន់តាតៃ កុំភ្លេចមកលេងវាលខ្សាច់សដ៏ស្រស់ស្អាតមួយនេះផង ដោយយេីងជិះទូកចេញពីគល់ស្ពានតាតៃចំណាយពេលប្រហែល២ម៉ោង ហេីយក៏បានគយគន់ទេសភាពនៅតាមដងព្រែក អ្វីដែរពិសេសយេីងអាចជិះទូកកាយយ៉ាកលេង រាវខ្យងស្លាប យកមកអាំងញាំ នឹងដើរមើលព្រៃកោងកាង ។
៧ ភ្នំម្រេចកង្កែប អារ៉ែង ៖ ស្រស់ស្អាតម្ល៉េះទេ ភ្នំម្រេចកង្កែប អារ៉ែង ខេត្តកោះកុង ។ ភ្នំម្រេចកង្កែប ជាឋានសួគ៌ធម្មជាតិ ស្ថិតក្នុងតំបន់អារ៉ែង នៃឧទ្យានជាតិ ជួរភ្នំក្រវាញ ខាងត្បូង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុង (សហគមន៍ អេកូទេសចរណ៍ តំបន់ស្ទឹងអារ៉ែង)។
៨ អូទឹកវេទ តំបន់ជីផាត ៖ ទឹកធ្លាក់ ជីផាតយើងតើ វាពិតជាស្រស់ស្អាតខ្លាំងណាស់ បានទៅលេងហើយជាប់ចិត្ត… ទីតាំង ភូមិជិផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
៩ កោះស្រឡៅ ៖ កោះស្រឡៅ ស្ថិតក្នុងខេត្តកោះកុង ដែលអាចធ្វើដំណើរតាមរយះទូកទេសចរណ៍ពីស្ពានតាតៃដោយប្រើពេលជាង២ម៉ោង ទើបដល់សហគមន៍។
១០ ឆ្នេរកោះកុងក្រៅ ៖ ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ ៕
ដោយ ៖ សិលា