ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ដ្រីជំនាញបានចុះពិនិត្យស្ថានីយបូមទឹកធំៗចំនួនពីរ គឺសា្ថនីយបឹងទំពន់ និងបឹងត្របែក.ដើម្បីត្រៀមរៀបចំបូមរំដោះទឹកជំនន់ចេញពីរាជធានី នៅរដូវវស្សាមកដល់នេះ ។ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគុប ហើយស្ថានីយនេះក៏ជាស្ថានីយបូមទឹកដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធចុះទៅពិនិត្យ ប្រឡាយ ស្ថានីយបូមទឹកបឹងទំពុននិងប្រឡាយស្ថានីយបឹងត្របែក នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ស្ថានីយបូមទឹកបឹងទំពុនជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើន ខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅ ខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនឹងគម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។
ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងអោយបានការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគុបក្នុង១វិនាទី យើងក៏នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុននឹងមានសមត្ថភាពបូមទឹកបាន៤៥ម៉ែត្រគុបក្នុង១វិនាទី។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្តិ ហើយយើងក៏មានគម្រោងពង្រីកនិងដាក់លូប្រអប់លើផ្លូវ១០៥ទំហំ៤ ទៅ៦ម៉ែត្រផងដែរ។
សូមបញ្ជាក់ថា៖ នៅភ្នំពេញយើងមានស្ថានីយបូមទឹក១៤កន្លែងហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងនេះបានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើឱ្យរាជធានី ភ្នំពេញអស់ក្តីបារម្ភរឿងលិចយូរទៀត៕
ដោយ ៖ សំរិត