ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឫស្សីកែវដឹកនាំមន្ត្រីចុះពិនិត្យគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែងដើម្បីរក្សាទំហំនិងទប់ស្កាត់មិនឱ្យជន់លិចនារដូវវស្សាដល់រដ្ឋបាលខណ្ឌចំនួន៥

ចែករំលែក៖

ភ្នំពេញ៖ ប្រសិនបើគ្មានការប្រែប្រួលទេ នៅប៉ុន្មានខែខាងមុខនេះ ប្រាកដជាមានការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែង១ខ្សែទៀតជាក់ជាមិនខាន ដែលមានប្រវែង៣០ម៉ែត្រក្នុងខណ្ឌឫស្សីកែវ ខណៈដែលរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាមួយក្រុមហ៊ុនសាងសង់កំពុងបន្តពិភាក្សាការងារនិងរៀបចំចាត់ចែងដាក់សំណើតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសម្រេច ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចូលប្រកបរបររកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្ដែងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន និងមានការចូលរួមពីអភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ជាមួយក្រុមការងាររបស់ក្រុមហ៊ុនសាងសង់ បាននិងកំពុងបន្តពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់នូវគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែង (ពីកើតទៅលិចនិងពីលិចទៅកើត) ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងសកម្មភាពពិនិត្យជាក់ស្ដែងនេះដែរបានលើកឡើងថា ចំពោះការយកចិត្តទុកដាក់តាមដាន ក៏ដូចជាការចុះពិនិត្យមើលផ្ទាល់នូវគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែងរបស់ក្រុមហ៊ុនដ្រ្ដាហ្គនលែន (Dragon land) គឺក្នុងគោលដៅដើម្បីរក្សាឱ្យបានទំហំរបស់ព្រែកអូរវែង ពិសេស ធានាឱ្យបានថា គម្រោងសាងសង់ស្ពាននេះ ក៏មិនបានប៉ះពាល់ដល់ប្រព័ន្ធបង្ហូររំដោះទឹកចេញដែរ។ លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ព្រែកអូរវែងនេះដែរមានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោះទឹកចេញមិនឱ្យជន់លិចនៅរដូវវស្សាពាក់ព័ន្ធតាមបណ្ដាខណ្ឌចំនួន៥ (ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក) របស់រាជធានីភ្នំពេញ៕

ដោយ៖ អរុណរះ


ចែករំលែក៖