ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តឃ្លុបបេីកបុករបួសស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ម៉ូតូខ្ទេចមួយកំណាត់មុខត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈដែលកំពុងជិះម៉ូតូហុងដាគុបឆ្លងផ្លូវទៅផ្ទះ ស្រាប់តែរថយន្តកូរ៉េឃ្លុបបើកលឿនបុក កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហុឹម ច័ន្ទបុប្ផា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ យាមនៅរោងចក្រសីកូ មានទីលំនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រងរបួសបាក់ជើងស្តាំ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ចេញពីរោងចក្រធ្វើដំណើរឆ្ពោះទៅផ្ទះ តាមផ្លូវបេតុងភូមិគោកខ្សាច់ ឆ្លងផ្លូវ៦០ម៉ែត្រពីកើតទៅលិច ដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តកូរ៉េឃ្លុប មិនចាំស្លាកលេខបើកលឿនពីជើងទៅត្បូងបុកពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ជើងស្តាំ ម៉ូតូខ្ទេចមួយកំណាត់មុខ រថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងបន្តធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្ក ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖