ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកជិះកង់ប្រមាណ៣០០នាក់ ត្រៀមចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរកុមារអង្គរ

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាទោក្រយានកម្ពុជា លោក នូ ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ដោយសហព័ន្ធទទួលពាក្យអ្នកចូលរួមជិះកង់មកពីគ្រប់ខេត្តក្រុងប្រមាណជា៣០០នាក់ប៉ុណ្ណោះ។

      លោក លោក នូ ចំរើន អគ្គលេខាធិការ អះអាងថា អ្នកចូលរួមជិះក្នុង១នាក់តម្រូវឱ្យបង់ថវិការចំនួន២៥ដល្លារ ហើយ សហព័ន្ធនិងផ្តល់ជូនជាអាវយឺតនិងមេដាយជាវត្ថុអនុស្សាវរីយ៌ជាការលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ផងដែរ។ សម្រាប់ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ថវិកាដែលប្រមូលរៃអង្គាសបានពីអ្នកចូលរួមជិះកង់ទាំងអស់ មួយចំណែកយកមកទ្រទ្រង់សម្រាប់ការរៀបចំ និងមួយផ្នែកទៀត យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាត។       

      ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់នេះដែរ ក្រៅពីរៃអង្គាសថវិកា វាក៏ជាផ្នែកមួយបំផុសស្មារតីចលនាកីឡាជិះកង់នៅកម្ពុជា និងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអង្គរជារួមចំណែកផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្តសៀមរាបទៅកាន់ឆាកជាតិនិងអន្តរជាតិ។

    អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ នឹងចេញដំណើរនៅវេលាម៉ោង៤ព្រឹកថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៤ ចំណុចរង្វង់មូលជ្រោយចង្វា តាមផ្លូវជាតិលេខ៦A និងទៅដល់ខេត្តសៀមរាប នៅថ្ងៃទី២ ខែ មិថុនា វេលាម៉ោង២កន្លះរសៀល។អ្នកជិះកង់ទាំងអស់មានការនាំមុខដោយក្បួនឡានសារ៉ែនបើកផ្លូវរបស់កងរាជអាវុធហត្ថ និងឈប់សម្រាកចំនួន១០ដំណាក់កាល ក្នុងនោះមានការផ្តល់ជាទឹក អាហារសម្រន់ជូនអ្នកជិះផងដែរ។

     សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរនេះ ជាការរៀបចំលើកដំបូងសម្រាប់សហព័ន្ធកីឡាទោចក្រយាន ហើយ សហព័ន្ធក៏គ្រោងបង្កើតព្រឹត្តិការណ៍ជិះកង់សរៃអង្គាសថវិកាសប្បុរសមួយទៀតនៅអំឡុងខែ ធ្នូ ឆ្នាំ២០២៤ ដោយយកទៅជួយដល់មន្ទីរពេទ្យគុន្ធបុប្ផាវិញម្តង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖