ភ្នំពេញ ៖ Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង្ហាញសញ្ញាលើសែ្បកជាកន្តួលតូចរាយប៉ាយលើផ្ទៃសើរបស់ស្បែក។
ក) កត្តាប្រឈម៖
– ភាគច្រើនកើតលើក្មេង ហើយក៏កើតលើមនុស្សធំដែលមានសុខភាពល្អផងដែរ។
– អ្នកដែលមានប្រពន្ធការពារចុះខ្សោយ ឬ អ្នកផ្ទុកមេរោគអេដស៍ជាដើម
ខ) រោគសញ្ញា៖
ដុំកន្តួលរបស់ Molluscum contagiosum ជាកន្តួលតូចៗមូលរលោងផតកណ្ដាលហើយរឹងនៅផ្តុំគ្នា ឬ នៅរាយប៉ាយ។ វាអាចចេញនៅគ្រប់កន្លែង តែភាគច្រើនគេសងេ្កតឃើញនៅឃ្លៀក គ្រលៀន ឬ ប្រដាប់ភេទ។ ក្រៅពីកន្តួលលើស្បែក វាគ្មានរោគសញ្ញាអ្វីទាំងអស់ តែអាចរមាស់ផងដែរបន្ទាប់ពីស្ទាបប៉ះ ឬ កេះកន្តួល។
គ) ការចម្លង៖
Molluscum contagiosum អាចចម្លងតាមរយៈ ៖
– ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ
– ការប្រើប្រាស់សំភារៈរួមជាមួយអ្នកជំងឺរួមមាន កន្សែង កន្រ្តៃ ប្រដាប់ជោះញិច ឬអាងហែលទឹករួម
– ការរាលដាលកន្តួលពីកន្លែងមួយទៅកន្លែងមួយតាមរយៈការអេះ ឬ កេះ
– ការរួមភេទ
ឃ) វិធីព្យាបាល៖
សូមអញ្ចើញទៅពិគ្រោះជាមួយគ្រូពេទ្យេឯកទេសស្បែក ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ។ កន្តួល Molluscum contagiosum អាចបំបាត់បានដោយយកវាចេញតាមបច្ចេកទេសពេទ្យ ឬថ្នាំលាប។
ង) វិធីការពារ៖
– រស់នៅស្អាត
– ជៀសវាងប្រើប្រាស់របស់រួមគ្នា
– អនុវត្តន៍ការរួមភេទដោយសុវត្ថិភាព
– រក្សាសុខភាពអោយបានល្អ
ក្នុងករណីលោកអ្នកមានចម្ងល់ ឬបញ្ហាជំងឺសើរស្បែក លោកអ្នកអាចអញ្ចើញមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើរស្បែកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងការបង្កការរំខាន ឬចម្លងជំងឺក្នងទ្រង់ទ្រាយធំ ៕
ដោយ ៖ សិលា