ភ្នំពេញ ៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ថា លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះលោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។
លោក រ៉េម សារ៉ុម (លោកគ្រូជ័យធន់) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បញ្ឈប់ការយកវីដេអូសកម្មភាពដែលប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់សង្គម និងជំនឿសាសនាដូចបញ្ជាក់ខាងលើទាំងចាស់ទាំងថ្មីទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ប្រសិនបើរូបលោកនៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សូមរំលឹកថា ៖ មនុស្សយើងម្នាក់ៗពិតជាមានជំនឿលើគ្រូទាយថាស័ក្តិសិទ្ធិមែនឬ? និយាយឱ្យខ្លីស្តាប់ ! ពិភពលោកមួយនេះ សម្បូរទៅដោយរឿងមិនគួរឱ្យជឿ និងអព្ភូតហេតុជាច្រើនផ្សេងៗគ្នា។ ជាក់ស្តែង មិនមាននរណាម្នាក់ដែលអាចទាយដឹងឬទាយទុកជាមុនបានថាខ្លួននឹងកើតមានរឿង ឬបញ្ហាអ្វីឡើយ។ រឿងខ្លះក៏ជារឿងល្អ រីឯរឿងខ្លះទៀតក៏ជារឿងអាក្រក់ បើគិតតាមជោគវាសនារបស់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ មានមនុស្សមិនតិចទេ ដែលប្រកាន់ខ្ជាប់ជំនឿជាច្រើន រួមមានដូចជា សូត្រមន្តស្រោចទឹក រំដោះគ្រោះ សែនសំណែន ទស្សន៍ទាយ និងមន្តគាថាដទៃផ្សេងទៀត ដើម្បីមានគោលបំណងលើករាសី បញ្ជៀសអស់ទុក្ខ អស់ចង្រៃឬសំណាងអាក្រក់ដែលចង់ចូលមកយាយី ដូចតាមពាក្យចាស់លោកពោលថា “អាគមផ្សំអាយុ” យ៉ាងដូច្នោះដែរ។ ទន្ទឹមនឹងនោះដែរ មានមនុស្សជាច្រើន មានជំនឿជឿលើការទស្សន៍ទាយជាខ្លាំង។ អ្នករកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ មួយចំនួនសុទ្ធតែមានជំនឿពាក់ព័ន្ធនឹងការទស្សន៍ទាយនេះ។ សូម្បីតែយុវវ័យ ភាគច្រើនដែលស្រលាញ់គ្នាឬត្រូវរៀបការជាមួយគ្នាក៏បែរជាមានទម្លាប់ត្រូវទៅធ្វើការទស្សន៍ទាយពីសំណាក់គ្រូទាយ ជាមុនសិនដែរ។ ពួកគេប្រាកដជាជឿថា គ្រូទាយអាចមើលឃើញពីអនាគត អាចដឹងថាមានសំណាងល្អឬសំណាងអាក្រក់បាន ដើម្បីការពារអ្នករាល់គ្នាឱ្យចៀសពីគ្រោះចង្រៃផ្សេងៗបានទាន់ពេលទាន់វេលា។ បើតាមស្តាប់មើលទៅ តើអ្នកគិតថាការទស្សន៍ទាយពីបណ្តាគ្រូទាយ ពិតជាស័ក្តិសិទ្ធិប្រាកដមែនឬ?
សូមមេត្តាជឿគ្រូទាយដោយការពិចារណា កុំទៅឆ្ងល់«ព្រោះតែវាពិតហ្នឹងហើយ បានជាគេទាយ» ! សំខាន់សាងអំពើល្អ ជាពលរដ្ឋល្អ នោះយើងមានសេចក្តីសុខហើយ។ ជឿថា មិនមានគ្រូទាយណាមួយ មានទ្រព្យធន ដូចអ្នកទៅឱ្យគ្រូទាយសោះ ?៕
ដោយ ៖ សិលា