ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវរួបរួមគ្នាថែរក្សាសន្តិភាពតាមរយៈការបន្តធ្វើបុណ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា  ៖ ការធ្វើបុណ្យ និងការប្រតិបត្តិសាសនាមិនត្រឹមតែនាំមកនូវសន្តិភាពទេ ប៉ុន្តែក៏ជាគោលដៅក្នុងការថែរក្សាសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ យើងត្រូវរួបរួមគ្នាថែរក្សាសន្តិភាពតាមរយៈការបន្តធ្វើបុណ្យ ការយោគយល់គ្នា ការអភិវឌ្ឍខ្លួនប្រកួតប្រជែងប្រកបទៅដោយក្រមសីលធម៌ច្បាស់លាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១តម្កល់ព្រះត្រៃបិតក និងកាត់ខ្សែបូឆ្លងផ្លូវបេតុង៧ខ្សែក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា នៅគីរីរម្យ ខេត្តកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ 

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ សង្គ្រាមមិនមែនផ្ទុះដោយសារតែអាវុធនោះទេតែជាផ្នត់គំនិតរបស់មនុស្សទៅវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅនឹងភាពសាហាវឃោឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យកូនហ៊ានសម្លាប់ឪពុកម្ដាយរបស់ខ្លួន គឺកើតឡើងដោយសារផ្នត់គំនិតនេះហើយ។ ក្នុងពេលជាមួយគ្នានេះសម្ដេចធិបតីក៏ជំរុញធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានជម្លោះសាសនាឲ្យសោះ ហើយនេះជាអ្វីដែលត្រូវយកចិត្តទុកដាក់ជាពិសេសនូវភាពជ្រុលនិយមផ្នែកសាសនា។ 

សម្ដេចថា៖ «ទាំងព្រះពុទ្ធសាសនា ទាំងគ្រិស្តសាសនា ទាំងអស់យើងប្រកាន់នូវភាពមិនជ្រុលនិយម»។ 

សម្ដេចបានកោតសរសើរនៅសាសនាទាំងអស់នៅកម្ពុជាដែលអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងត្រូវប្រកាន់ជំហរបែបនេះតទៅទៀត៕

ដោយ ៖ សិលា


ចែករំលែក៖