ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពលរដ្ឋ៥៧រូបហើយត្រូវបានអន្តរាគមន៍ឱ្យត្រឡប់មកវិញ ខណៈដែលពលរដ្ឋមួយចំនួនទៀតនឹងវិលមកកម្ពុជាវិញនៅពេលខាងមុខ។
ក្រសួងបញ្ជាក់ថា៖ «ក្រសួងបានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ក្នុងការអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ៥៧នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួចហើយ។ ទន្ទឹមនឹងនេះ សម្រាប់បងប្អូនពលការិនីដែលពុំទាន់បានវិលត្រលប់មកកម្ពុជាវិញតាមការស្នើសុំ ក្រសួងបាននិងកំពុងបន្តសម្របសម្រួលឱ្យបានវិលត្រលប់មកវិញនាពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់កន្លែងស្នាក់នៅ អាហារហូបចុកគ្រប់គ្រាន់ និងតម្រូវការផ្សេងៗ ជូនបងប្អូនពលការិនីដែលកំពុងរង់ចាំការវិលត្រឡប់មកប្រទេសកម្ពុជាវិញ»។
បន្ថែមពីនេះ ក្រសួងបានអំពាវនាវដល់បងប្អូនពលការិនីដែលកំពុងរង់ចាំវិលត្រឡប់មកវិញ អង្គការសង្គមស៊ីវិល សារព័ត៌មាន និងសាធារណជន មេត្តារក្សាភាពស្ងៀមស្ងាត់ និងស្វែងយល់អំពីបែបបទនិងនីតិវិធីក្នុងប្រទេសនីមួយៗឱ្យបានច្បាស់ ចៀសវាងបង្កើតព័ត៌មាន ឬរូបភាពផ្សេងៗដែលអាចបង្កឱ្យមានការយល់ច្រលំ ឬបញ្ហាកាន់តែស្មុគស្មាញដល់ការបំពេញបែបបទទិដ្ឋាការសម្រាប់ចាកចេញពីប្រទេស (Final Exit Visa) របស់បងប្អូនពលការិនី៕
ដោយ ៖ សិលា