ខេត្តកំពង់ចាម៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលសាលាក្រុងកំពង់ចាម បានសម្រេចចេញលិខិតបិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យII”។
ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារការិយាល័យនិយ័តកម្មនៃមន្ទីសុខាភិបាលខេត្ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ បានចុះពិនិត្យបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យ II” ដែលមានទីតាំងនៅផ្ទះលេខ២៦ ផ្លូវសុរិយាវរ្ម័នទី២ ភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនោះ គោលបំណងនៃការចុះគឺពិនិត្យដើម្បី៖
– ពិនិត្យលើសុពលភាពនៃលិខិតអនុញ្ញាតដែលចេញដោយ ច្រកចេញចូលតែមួយរបស់សាលាក្រុងកំពង់ចាម
– ពិនិត្យលើវិសាលភាពនៃការប្រកបវិជ្ជាជីវៈ ស្របទៅតាមលិខិតអនុញ្ញាត
– ពិនិត្យលើវត្តមានអ្នកទទួលខុសត្រូវបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ
– ពិនិត្យលើអាជ្ញាបណ្ណគណៈវិជ្ជាជីវៈ អ្នកទទួលខុសត្រូវ និងបុគ្គលិកបម្រើការ ។
គួរបញ្ជាក់ថា ជាលទ្ធផលនៃការចុះពិនិត្យនេះមានការសហការជាមួយនឹងរដ្ឋបាលសាលាក្រុងកំពង់ចាម បានសម្រេចចេញលិខិតបិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យII” និងនិរាករណ៍លិខិតអនុញ្ញាតលេខ ០៦៣/ ២៤ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ចេញ៕
ដោយ៖តារា