ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងខេត្តត្បូងឃ្មុំ សកម្មភាពការប្រកបរបររកសុីលក់ដូរនានា ប្រព្រឹត្តទៅជាធម្មតា។ នេះបើយោងតាមផេកផ្លូវការ របស់មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បានបង្ហោះនឡរសៀលថ្ងៃនេះ ។
ក្នុងនោះ អាជីវកម្មលក់ដូរទូរស័ព្ទដៃរបស់អាជីវករនៅក្រុង-ស្រុកទូទាំងខេត្ត ពិសេសក្នុងស្រុកមេមត់ និងក្រុងសួង បើកដំណើរការជាធម្មតា ខណៈមិនបើកមួយចំនួនតូចប៉ុណ្ណោះ។
ដោយខាងមន្ទីរបញ្ជាក់ថា ៖ សូមបងប្អូន កុំមានការភ័យព្រួយបារម្ភ និងយល់ច្រលំ ដោយសារប្រភពព័ត៌មានផ្សេងៗចែកចាយបន្ត ពោលគឺជារួម ប្រព្រឹត្តិទៅប្រក្រតី ជាធម្មតា ,សូមអរគុណ!! ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញ សេចក្ដីបំភ្លឺបន្ថែម!!! នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ដោយបញ្ជាក់ថា ៖ ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិកដូចមានការលើកឡើងមួយចំនួនឡើយ៕
ដោយ ៖ សិលា