ភ្នំពេញ ៖ គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស បាននិមន្តនិងអញ្ជើញដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃចន្ទទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
ប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖
១. គណៈប្រតិភូព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក។
២. គណៈប្រតិភូប្រទេសឥណ្ឌូណេស៊ីម។
៣. គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ា។៤.គណៈប្រតិភូប្រទេសម៉ុងហ្គោល។
៥. គណៈប្រតិភូប្រទេសវៀតណាម។
៦. គណៈប្រតិភូប្រទេសស្រីលង្កា។
៧.គណៈ ប្រតិភូប្រទេសឥណ្ឌា។
៨. គណៈប្រតិភូប្រទេសឡាវ។
៩. គណៈប្រតិភូប្រទេសជប៉ុន។
១០. គណៈប្រតិភូប្រទេសចិន។
១១. គណៈប្រតិភូប្រទេសកូរ៉េនិង១២.គណៈប្រតិភូប្រទេសសិង្ហបុរី។
សូមជម្រាបជូនថា ៖ ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា កំពុងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតីសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ព្រះរាជសន្ទរកថាជាភាសាអង់គ្លេស របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងថ្វាយបង្គំព្រះតេជៈគុណបណ្ឌិត Kori Shinkai នាយកប្រតិបត្តិនៃ Nenbutsushu វត្ត Sampozan Muryojuji ក្នុងខណៈដែលព្រះតេជៈគុណបណ្ឌិត បាននិមន្តនាំគណៈប្រតិភូព្រះសង្ឃ ឧបាសក ឧបាសិកា ជាពុទ្ធបរិស័ទ នៃប្រទេសជប៉ុន និមន្ត និងអញ្ជើញថ្វាយនូវព្រះគោរម្យងារព្រះករុណា ព្រះមហាក្សត្រ និងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តិទៅនៅព្រះរាជតំណាក់សិរីមង្គល ក្នុងព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមុិញ ។
ថ្ងៃនេះស្ថានីយ៍ទូរទស្សន៍ជាច្រើន បានផ្សាយផ្ទាល់ នៃព្រះរាជពិធីហែ និងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា