ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្រ្តីម្នាក់តែងតែធ្វើការរំខានរករឿងដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតាមគោលដៅរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផ្សេងៗជាច្រើនលើកច្រើនសារ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូនថា ករណីនេះកើតឡេីងកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីដែលតែងតែបង្កជម្លោះអុកឡុករំខានដល់សមត្ថកិច្ចចរាចរណ៍នោះមានឈ្មោះ ទេព ទីណា ដែលកន្លងមកតែងតែមកបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតាមគោលដៅរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផ្សេងៗជាច្រើនលើកច្រើនសារ ដូចជា ៖ 

-កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានទៅបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅមុខសាលាសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មកបង្កបញ្ហាជេរប្រមាថសមត្ថកិច្ច និងយកទូរស័ព្ទថតវីដេអូរ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នៅគោលដៅ ។

-កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ បានទៅបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅមុខមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សកម្មភាពបានជិះ Pass Up មកបង្កបញ្ហាជេរប្រមាថសមត្ថកិច្ច និងយកទូរស័ព្ទថតវីដេអូរ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នៅគោលដៅ ។

-កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានទៅបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅបន្ទប់ទឹកទី១ ឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សកម្មភាពបានជិះម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ មកឈប់នៅគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ដែលបានឃាត់ម៉ូតូកង់បី បើកបរបញ្ច្រាស់ទិសចរាចរណ៍ ស្ត្រីម្នាក់នេះព្រមទាំងមានគ្នាមួយចំនួនទៀតបានមកអន្តរាគមន៍ សុំយកម៉ូតូកង់បីដែលល្មើសច្បាប់ចរាចរណ៍មិនបាន ក៏បានរករឿងជេរប្រមាថគ្រប់បែបយ៉ាង និងថតរូប ថតវីដេអូរ មកលើកម្លាំងនគរបាលចរាចរណ៍ បន្ទាប់មកកម្លាំងយើងក៏បានសួរនាំរឿងម៉ូតូគ្មានផ្លាកលេខ ស្រី្តនោះមិនបានឆ្លើយ ហើយនៅតែរករឿងកម្លាំងយើង ក្រោយមកកម្លាំងយើងក៏បាននាំគ្នាមកឃាត់ម៉ូតូនោះដើម្បីលើកឡើងលើរថយន្តយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តែស្ត្រីម្នាក់នោះ និងបក្សពួកបាននាំគ្នាមករារាំងបង្កភាពចលាចល ទើបលោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ បានទៅដល់គោលដៅខាងលើ ដើម្បីសួរនាំ រួចបានឃាត់ម៉ូតូកង់បី ១គ្រឿង និងម៉ូតូ ១គ្រឿងដែលគ្មានផ្លាកលេខ មករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានតំណាងមន្ទីរកសិកម្ម បាននាំបុគ្គលិកចំនួន ០២នាក់ ដែលបានបង្កបញ្ហានៅគោលដៅបន្ទប់ទឹកទី១ មកធ្វើការសុំទោស និងធ្វើកិច្ចសន្យាឈប់ល្មើសចរាចរណ៍ផ្លូវគោក និងឈប់បង្កបញ្ហានៅគោលដៅរបស់សមត្ថកិច្ចទៀតឡើយ បន្ទាប់ពីបានធ្វើកិច្ចសន្យាចប់សព្វគ្រប់ បានប្រគល់ម៉ូតូរុឺម៉ក់កង់បីខាងលើ ទៅឲ្យតំណាងមន្ទីរកសិកម្មយកទៅប្រើប្រាស់វិញ ។

លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីឈ្មោះ ទេព ទីណា បានមកដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នើសុំយកម៉ូតូវិញ ដោយបានទទួលកំហុសព្រមធ្វើកិច្ចព្រមព្រៀងជាមួយប្រធានគោលដៅចំនួន ២គោលដៅខាងលើ មិនឲ្យមានករណីបង្កបញ្ហាជាមួយសមត្ថកិច្ចទៀតទេ និងសន្យាថាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឈប់ឲ្យមានការល្មើសទៀតហើយ ព្រមទាំងស្នើសុំការយោគយល់ពីសមត្ថកិច្ច ដើម្បីស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ ។ ក្រោយពីបានធ្វើកិច្ចព្រមព្រៀងចប់ សមត្ថកិច្ចយើងក៏បានប្រគល់ម៉ូតូជូនទៅឲ្យស្រី្តខាងលើវិញ ។

ចំពោះគេហទំព័រឈ្មោះ FBR Hot News លើបណ្តាញសង្គមហ្វេសប៊ុក (ផ្សាយផ្ទាល់) នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះថា ៖ បងប្រុសម្នាក់យករមកខាងមន្ទីរកសិកម្មដឹកប្រពន្ធកូនដើរលេងត្រូវសមត្ថកិច្ចផាក 10 ម៉ឺនរៀល គាត់មិនមានលុយទេក៏បានតេហៅប្អូនស្រីជិះម៉ូតូយកលុយមកបង់សមត្ថកិច្ច តែម៉ូតូនោះប្អូនស្រីរបស់គាត់រំលោះមិនទាន់បានផ្លាកលេខទេក៏ត្រូវសមត្ថកិច្ចចាប់យកបន្ថែមទៀតឮថាបងស្រីសុំសម្រួល 3 ម៉ឺនតែសមត្ថកិច្ចប្រាប់ថាចៅហ្វាយខេត្តឱ្យយក 10 ម៉ឺនតើរឿងនេះជារឿងពិតទេបងសមត្ថកិច្ច អីយ៉ាស់រឿងនេះវាទៅជាយ៉ាងណាសុំបងប្អូនចូលរួមតាមដានទស្សនាវីដេអូទាំងស្រុង ។

ករណីនេះមិនពិតទេ ហើយខាងសមត្ថកិច្ចកំពុងតែអញ្ជើញតំណាងខាង FBR Hot News មកបំភ្លឺ ៕

ដោយ ៖ សិលា


ចែករំលែក៖