ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងការទប់ស្កាត់ព័ត៌មានក្លែងបន្លំ ឬដំណឹងក្លែងក្លាយ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន លោកបណ្ឌិត យង់ ពៅ ផ្ដល់ទស្សនទាន៥ចំណុច

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិតក៏បានចូលរួមចែករំលែកទស្សនទានផ្ទាល់ខ្លួន៥ចំណុច ដើម្បីទប់ស្កាត់ ព័ត៌មាន ក្លែងបន្លំឬដំណឹងក្លែងក្លាយ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទ បញ្ញាសិប្បនិម្មិត នាពេលបច្ចុប្បន្នដូច ខាងក្រោម៖

១- អក្ខរកម្មព័ត៌មាន តាមរយៈការអប់រំអំពីរបៀបវាយតម្លៃប្រភពព័ត៌មាន ដើម្បីអាចបែងចែក រវាងព័ត៌មាន ដែលអាចជឿបាននិងព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយ ព្រមទាំង លើក ទឹកចិត្ត ដល់ កម្ម វិធី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជាក់ស្ដែងដូចការរៀបចំរបស់យើងនាពេលនេះ ដើម្បីបំពាក់ ឱ្យ បុគ្គល ម្នាក់ៗ នូវជំនាញដែលត្រូវការ ដើម្បីអាចវាយតម្លៃភាពជឿជាក់បាននៃព័ត៌មាន។

២- គុណភាពសារព័ត៌មាន ស្ថាប័នព័ត៌មានខ្លួនឯងត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹងព័ត៌មានក្លែងក្លាយនេះ ព្រោះនៅពេលដែល មាន ការ ផ្តល់សា រ ព័ត៌មាន ដែល មាន គុណភាព ខ្ពស់ នោះអង្គភាពព័ត៌មានក៏ទទួលបានការជឿទុកចិត្តពីសាធារណជន យើង ឃើញ ថា ការ ត្រួត ពិនិត្យការណ៍ពិត គឺជាធាតុផ្សំដ៏សំខាន់ក្នុងការរក្សាលំហូរព័ត៌មានត្រឹមត្រូវ។

៣- ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយ តម្រូវឱ្យមាន កិច្ចខិតខំ ប្រឹងប្រែង រួមគ្នា ទាំង រដ្ឋាភិបាល អង្គភាពពត៌មាន ប្រព័ន្ធផ្សព្វផ្សាយ តួអង្គពាក់ព័ន្ធដទៃទៀត និង សាធារណ ជន ទូទៅ ។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយ មិនត្រឹមតែ អាច ជួយ ការពារ មុខ មាត់ ប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារស្ថិរភាព និងវិបុលភាពនា ពេល អនាគត ផង ដែរ ។

៤- ធ្វើវិចារណកម្មព័ត៌មាន អង្គភាព/អ្នកព័ត៌មានទាំងអស់ត្រូវផ្សាយព័ត៌មានពិត ប៉ុន្តែមិន មែន គ្រប់ រឿងពិត ទាំង អស់ត្រូវតែផ្សព្វផ្សាយនោះទេ។

៥- ធ្វើពិពិធកម្មព័ត៌មាន សង្គមមនុស្សមិនអាចរស់គ្មានប្រភពព័ត៌មាននោះទេ ប៉ុន្តែប្រសិន បើ មិន ធ្វើ ពិពិធកម្មព័ត៌មាន ទាន់ពេលវេលា ស្ថាប័នព័ត៌មាននឹងហួសសម័យឬស្លាប់៕

សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបិទសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នារសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត យង់ ពៅ ផ្ដល់ទស្សនទាន៥ចំណុច នៅក្នុងការទប់ស្កាត់ ព័ត៌មាន ក្លែងបន្លំឬដំណឹងក្លែងក្លាយ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិត នាពេល បច្ចុប្បន្ន។

លោក បណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ៖ ឌីជីថលនិង បញ្ញាសិប្បនិម្មិត ត្រូវបានបង្កើតដោយមនុស្ស ប៉ុន្តែនៅក្នុងករណីខ្លះ មនុស្សបែរជាមិនអាចគ្រប់គ្រងបានទៅវិញ ដែលនេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវខិតខំធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធទាំងនេះ ដើម្បី តម្រង់ទិសដៅ ការប្រើប្រាស់ផ្ដល់នូវវិបាកជាវិជ្ជមានសម្រាប់ការរស់នៅ និងការអភិវឌ្ឍសង្គមជាតិ និងពិភពលោក។

លោកបណ្ឌិតអគ្គលេខាធិការ បានជំរុញ ឱ្យស្ថាប័ន ព័ត៌មាន អាជីពត្រូវ ពង្រឹង គុណភាព និងដំណើរការរបស់ខ្លួនឱ្យបានលឿនរហ័ស និងដោយប្រសិទ្ធភាពពេញលេញ ដោយការពង្រឹងនេះ នឹងជាចំណែកមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ឬព័ត៌មាន មិនផ្លូវការនានាដែលគ្មានវិជ្ជាជីវៈជាបន្តបន្ទាប់តាមពេលវេលា។

លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ៖ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទ បញ្ញា សិប្បនិម្មិត នាពេលបច្ចុប្បន្ននេះ ការទប់ស្កាត់ព័ត៌មានក្លែងបន្លំឬដំណឹងក្លែងក្លាយគឺ ជារឿងសំខាន់ណាស់ ៕

ដោយ ៖ សិលា


ចែករំលែក៖