ព័ត៌មានទាន់ហេតុការណ៍៖

Luka Modric រកបាន១គ្រាប់ជួយក្រូអាតឈ្នះព័រទុយហ្គាល់ក្នុងជំនួបមិត្តភាព

ចែករំលែក៖

ខ្សែបម្រើ Luka Modric បានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១មួយគ្រាប់ និង Ante Budimir  រកបាន១គ្រាប់ក្នុងតង់ទី២ បានជួយឱ្យក្រូអាតទទួលជ័យជម្នះជាប្រវត្តិសាស្ត្រលើកដំបូងក្នុងទឹកដីព័រទុយហ្គាល់ក្នុង៨ ប្រកួតដែលពួកគេបានយកឈ្នះម្ចាស់ផ្ទះ ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃសៅរ៍។

Luka Modric រកបាន១គ្រាប់ក្នុងនាទីទី៨ បន្ទាប់ពីកីឡាករ Vitinha របស់ព័រទុយហ្គាល់បានប៉ះទង្គិចគ្នាជាមួយ Mateo Kovacic ក្នុងប្រអប់ទី ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ប៉េណាល់ទី។ រហូតមកដល់ពេលនេះ ខ្សែបម្រើ Real Madrid រូបនេះស៊ុតបញ្ចូលទីគ្រាប់ទី២៥របស់គាត់សម្រាប់ក្រុមជម្រើសជាតិក្រូអាតរបស់ខ្លួន។

កីឡាករបម្រុង Diogo Jota រកបានគ្រាប់បាល់តាមស្មើវិញឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់នៅនាទីទី៤៨ ដែលជាការបញ្ជូនបាល់យ៉ាងល្អពីកីឡាករបម្រុង Nelson Semedo។ ភ្លាមៗក្រុមភ្ញៀវក្រូអាតបានរកគ្រាប់បាល់នាំមុខវិញ ដែលការស៊ុតរបស់ Budimir ចូលទីបានសម្រេចនៅនាទីទី៥៦។

ក្នុងជំនួបរវាងក្រុមទាំង២ ក្រុមព័រទុយហ្គាល់ បានឈ្នះ៦ប្រកួតក្នុងចំណោម៧ប្រកួត។ ព័រទុយហ្គាល់ នឹងចាប់ផ្តើមយុទ្ធនាការ Euro 2024 ក្នុងពូល F ដោយត្រូវប៉ះជាមួយសាធារណរដ្ឋឆេកនៅថ្ងៃទី១៨ ខែមិថុនា។ ចំណែកក្រូអាតត្រូវជួបជាមួយអេស្ប៉ាញក្នុងការប្រកួតដំបូងក្នុងពូល B ថ្ងៃសៅរ៍ទី១៥ មិថុនាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖