ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ទម្ងន់សរុបជាង ៣គីឡូក្រាម និងសារធាតុគីមីផ្សំទម្ងន់សរុបជាង ១១គីឡូក្រាម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា សាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧២៥ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទដូចខាងក្រោម៖
១-ឈ្មោះ CHANG JUN YI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុង ដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌ៧ ចំណុចទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
២-ឈ្មោះ MENG XIANG JIANG ហៅ TA JIANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៤០, មាត្រា៤៨ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៣-ឈ្មោះ CHEN AN JUN ហៅ AH SHAN ឬ SAN GE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៤៨ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៤-ឈ្មោះ CHEN YAN ហៅ DA YAN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ពីបទជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលអំឡុង ដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌ៥ ចំណុច៦ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៥-ឈ្មោះ YANG XING ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ពីបទផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលអំឡុងដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទារទោស តាមមាត្រា៣៩ កថាខណ្ឌ៥ ចំណុច៦ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៦-ឈ្មោះ LIU CHEN ហៅ AH DONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ពីបទសមគំនិតក្នុងអំពើជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ កថាខណ្ឌ៧ ចំណុច៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៧-ឈ្មោះ HSU YUNG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា កាលអំឡុងដើមឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៨ កថាខណ្ឌ៦ ចំណុច១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៨-ឈ្មោះ XIAO SHOU ភេទប្រុស ជនជាតិចិន។
៩-ឈ្មោះ XIAO BAO ជនជាតិចិន។
១០-ឈ្មោះ ថាំង ឃី ជនជាតិចិន។
១១-ឈ្មោះ ស៊ុន ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។
ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅក្នុង ដែនដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីបានសួរយកចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ព្រះសីហនុ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន០៧នាក់ខាងលើ ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធី។ ដោយឡែកបក្ខពួក ដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរនឹងមានចំណាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕
ដោយ៖តារា