ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ បានឃាត់ខ្លួនយុវជនវ័យក្មេងម្នាក់ ក្រោយម្ដាយក្មេងស្រីរងគ្រោះប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់។
លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈ នៅចំណុចផ្លូវលេខ០៧ ក្នុងបុរីជីរី ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចរោងកុនយីហោ MULTIPLEX MOVIE PRIVATE ទីតាំងផ្ទះលេខ២៦២ ផ្លូវលេខ១៣៨ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:០០នាទី ។
ជនសង្ស័យឈ្មោះ ណាន អាន ហៅ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក
-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Dream C125 ពណ៌ក្រហម ស៊េរីឆ្នាំ2019 ពាក់ផ្លាកលេខក្រចេះ 1E-0062 លេខតួនិងម៉ាស៊ីនលេខ ៖ 5587601 និងទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone Xs Max ពណ៌ស ស៊ីមលេខ 071 7949 ជារបស់ជនសង្ស័យ) ។
ម្ដាយជនរងគ្រោះឈ្មោះ ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន ស្នាក់នៅ ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជាម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ត្តី ភេទស្រី កេីតឆ្នាំ២០០៩ មុខរបរ សិស្ស។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ អរុណរះ