ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សបីនាក់រងរបួសធ្ងន់ស្រាលខណៈរថយន្តបុកគ្នានៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សបីនាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នានៅចំណុចមុខផ្សារកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានអោយដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤នេះ។

សមត្ថកិច្ចក្រុងច្បារមនបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-1367បើកពីទិសខាងលិចទៅទិសខាងកើត។ ពេលមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ទៅទិសខាងលិច  អ្នកបើកបរឈ្មោះសាន គឹមស្រា៊ន ភេទប្រុស អាយុ២៧ឆ្នាំ មានអ្នករួមដំណើរ២នាក់ មានឈ្មោះម៉ៅ សុខសាន ភេទប្រុស អាយុ៥៧ឆ្នាំ និងឈ្មោះញឹម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងបីនាក់រស់នៅភូមិព្រះប្រសព្វ ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបុករថយន្តកុងតឺន័រពាក់ផ្លាកលេខភ្នំពេញ3G-2717 សណ្តោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខត្បូងឃ្មុំ4A-0179 ដែលបើកពីទិសខាងកើតទៅទិសខាងលិចដោយ

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនបាត់) ខណៈនោះរថយន្តបានរេចង្កូតទៅបុកតូបលក់ខោ-អាវរបស់អាជីវកររងការខូចខាតជាច្រើនទៀត។ សមត្ថកិច្ចបានបន្តទៀតថា ករណីរថយន្តទាំងពីរគ្រឿងបុកគ្នានេះមិនបណ្តាលអោយអ្នកលក់ដូរខោអាវរងរបួសនោះទេ។

ប្រភពបន្តថា ដោយឡែកអ្នករងរបួសទាំងបីនាក់នៅក្នុងរថយន្តត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំពោះវត្ថុតាងរថយន្តទាំងពីរគ្រឿងបានប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតីវិធី។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖