ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួននៅចំណុចផ្សេងគ្នា

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងនគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

នេះបេីយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្គន ទទួលបាននាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ ។ 

    ក្នុងប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀននេះ គឺដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ទេីបនៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច០២ទីតាំងរួមមាន ៖  

    ទីតាំងទី០១. នៅចំណុច លើផ្លូវលំស្ថិតនៅក្នុងភូមិដូងខ្ពស់ ឃុំបានកាម  ស្រុកព្រៃកប្បាស ខេត្តតាកែវ  ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ១-ឈ្មោះ ពិន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជួញដូរនិងប្រើប្រាស់) ដោយដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1II-8341 ទូរស័ព្ទ០១គ្រឿង ម៉ាកvivo ពណ៌ខៀវ ។ និងទីតាំងទី០២. នៅក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ១.ឈ្នោះ ហ៊ីង វាស្នា ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ(ជួញដូរ) ដោយដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ផ្លាកលេខ កណ្តាល 1C-1761 ទូរស័ព្ទ០១គ្រឿង ម៉ាកViVo ពណ៌ខៀវ។ 

      បន្ទាប់មកកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖