ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាន ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន។ 

សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ​ បានបញ្ជាក់ថា​ បន្ទាប់​ពី​ធ្វើ​ អធិការ​កិច្ច​រួច​ កងរាជ​អាវុធ​ហត្ថ​លេីផ្ទៃប្រទេស​ បាន​សម្រេច​ធ្វើ​សំណេីទៅ​អគ្គបញ្ជាការ​ដ្ឋាន​នៃកងយោធពល​ខេមរភូមិន្ទ​ ដេីម្បី​ផ្អាក​មុខតំណែង​ លោកវរៈសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ អនុលោម​តាម​មាត្រា​ ៤១​ នៃ​ អនុក្រិត្យ​លេខ​ ២៩​ អនក្រ​ ចុះថ្ងៃទី​ ៩​ ខែ​ មេសា​ ឆ្នាំ​ ២០០២​ ស្ដីពី​បទវិន័យ​ទូទៅសម្រាប់​កងយោធពល​ខេមរភូមិន្ទ​ និង​ ធ្វើ​សំណេីរ​បង្កេីត​ក្រុមប្រឹក្សា​វិន័យ​ តាមឋានានុក្រម​អនុលោម​តាម​ច្បាប់​ស្តី​ពី​ លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពលខេមរភូមិន្ទ​ មាត្រា​៤៦ចែងថា​ មុននឹង​ដាក់​ទណ្ឌកម្ម​តាម​លក្ខន្តិកៈ​ទូទៅ​ ត្រូវ​សុំយោបល់​ក្រុមប្រឹក្សា​វិន័យ​ជាមុនសិន​ ។  

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើរ រឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិ កម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ធដូចខាងក្រោម៖ ១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោម តាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្ម តាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។”

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និង បុគ្គលដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖