ខេត្តកណ្តាល ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញសេចក្តីបំភ្លឺស្តីពីចំណាត់ការនីតិវិធីច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្ម កេីតឡេីងនៅភូមិពោធិ៍លេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលគណនី Facebook ឈ្មោះ NalNeit SoPheak និង ឈ្មោះ Ma’orm Sre TV ធ្វើ ការផ្សព្វផ្សាយ ព័ត៌មាន ដោយបំភ្លៃការពិត។
អ្នកនាំពាក្យ សាលាដំបូង និងអយ្យការអមសាលាដំបូង បានបញ្ជាក់ថា ៖ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លោក ធាម ច័ន្ទពីលីការ តំណាងអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ បានឃើញ របាយការណ៍លេខៈ ០៨៥ របក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្រោយពីបានពិនិត្យឯកសារខាងលើយល់ឃើញថា មានតម្រុយសន្មត់បានថា ៖
– ឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មាន មុខរបរ ជាងផ្សារដែក មានទីកន្លែងកំណើតភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តា ល និងទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ឪពុកឈ្មោះ ឡុង លីម (រ) ម្តាយឈ្មោះ ជិន ម៉ៅ (រ) ប្រពន្ធឈ្មោះ ហេង ស៊ីណាត មានកូនចំនួន ២នាក់ កម្រិតវប្បធម៌ថ្នាក់ទី៦ថ្មី ទោស ពីមុនគ្មាន។ (ឃាត់ខ្លួន)បានប្រព្រឹត្តអំពើដូចតទៅ៖
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣៥នាទី មានករណី ឃាតកម្ម ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ បានទាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះឈ្មោះ ហាន កញ្ញា ហៅ មុី ភេទស្រី អាយុ៣៣ឆ្នាំ នៅពេលដែលជនរងគ្រោះមកទារប្រាក់ឈ្នួលដែលជនសង្ស័យបានជំពាក់ប្តីរបស់ជន រងគ្រោះ ចំនួន ៣៦០.០០០ (សាមសិបប្រាំមួយម៉ឺន)រៀល ភ្លាមនោះជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅ លើជនរងគ្រោះចំនួន ០៣កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយជនសង្ស័យបានជិះម៉ូតូ គេចខ្លួនបាត់។ លុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចស្រុកស្អាង បានសហការណ៍ជាមួយ កម្លាំងសមត្ថកិច្ចស្រុកវាលវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង ឈាវ នៅចំណុចខាងជើងរង្វង់ មូលប្រម៉ោយ ស្ថិតនៅខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អំពើខាងលើជាបទល្មើស ៖ ឃាតកម្ម ប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បានឃើញមាត្រា ៤៤ និងមាត្រា ១២៤ នៃក្រមនីតិវីធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ។
ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដោយមិនទាន់បានបញ្ជូនសំណុំរឿងទៅជំនុំជម្រះនោះទេ ពោលគឺ មិនទាន់មានសាលក្រមសម្រេចផ្តន្ទាទោសនៅឡើយទេ និង(ទី២)-ផ្អែកលើបទចោទប្រកាន់របស់តំណាងអយ្យការ ជនល្មើសនឹងអាចប្រឈមមុខជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មាន បញ្ឈប់ការចែករំលែក និងការ ផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតនេះ ដែលធ្វើឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន ហើយតំណាង អយ្យការអមសាលាដំបូងខេត្តកណ្តាល នឹងបន្តតាមដានករណីនេះ និងអាចចាត់វិធានការតាមនីតិវិធីច្បាប់តាម ការចាំបាច់ចំពោះអ្នកដែលបំភ្លៃការពិតនេះបន្តទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា