ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្លាបជាច្រើនប្រភេទបាននិងកំពុងរស់នៅតំបន់អភិរក្សមួយកន្លែងនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង 

ចែករំលែក៖

ព្រៃវែង៖ សត្វស្លាប ជាច្រើនប្រភេទមានទាំង ននាលខ្យង សត្វកុក សំបកទំពាំង និងសត្វផ្សេងៗជាច្រើនប្រភេទផ្សេងទៀត បានពពាក់ពពូនគ្នាមកសំងំរស់នៅ តំបន់ព្រៃអភិរក្សមួយកន្លែង ដែលមានឈ្មោះថាតំបន់អភិរក្សទំនប់ ចាំក្កាន់ ស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង បានធ្វើឲ្យតំបន់មួយនេះក្លាយ ទៅជាតំបន់មួយពោរពេញភាពទាក់ទាញ ទៅដោយ សោភ័ណភាពស្រស់ស្អាតប្លែកបន្ថែមទៀត។ ជាមួយនឹងសំឡេងសត្វយ៉ាងកងបំពងនាពេលល្ងាច ដែលធ្វើឲ្យប្រជាពលរដ្ឋគាត់ធ្វើស្រែចំការនៅទីនោះ សប្បាយចិត្តដោយឃើញសត្វមករស់នៅច្រើន។

នេះគឺជាជម្រកថ្មីមួយទៀតសម្រាប់ហ្វូងសត្វស្លាបទាំង អស់នេះបន្ទាប់ពី តំបន់អភិរក្សបឹងស្នេហ៍ ទួលពាន់តាឡី ដែលមានសត្វ ជាច្រើនកំពុងតែរស់នៅទីនោះ ហើយសព្វថ្ងៃនេះសត្វស្លាប់ទាំងអស់នោះក៏បានមករស់នៅទីនេះខ្លះព្រោះថាទីនេះមានតំបន់អភិរក្សដែលមានព្រៃធំល្វឹងល្វើយដែល ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ ហ្វូងសត្វទាំងអស់នេះមករស់នៅទីនេះប្រកបដោយសុវត្ថិភាព។

លោក លី សាមុត សមាជិកក្រុមប្រឹក្សាឃុំព្រៃព្នៅ បានមានប្រសាសន៍លើកឡើងថា សត្វនៅទីនេះមានច្រើន ប្រភេទ តែតាមការសង្កេតឃើញថាមានននាលខ្យងរស់នៅច្រើនជាគេ។ បន្ទាប់មកក៏មានសត្វដូចជាកុក ខ្វៃ ក្អែកទឹក និងសត្វផ្សេងៗជាច្រើនទៀតដែលរស់នៅទីនេះផងដែរ។ លោកក៏បានបន្ថែមទៀតថា ឃុំ នឹងបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាអភិរក្សទីតាំងមួយឲ្យមានសុវត្ថិភាពខ្ពស់បន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យសត្វដែលរស់នៅទីនេះប្រកបដោយសុវត្ថិភាព និងអាចឈានទៅដល់ការទាក់ ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅពេលខាងមុខនោះផងដែរ។

មិនត្រឹមតែក្រុមប្រឹក្សាឃុំប៉ុណ្ណោះទេ លោកមេប៉ុស្តិ៍ដែលប្រចាំការនៅក្នុងឃុំព្រៃព្នៅនោះក៏បានយកចិត្តទុកដាក់ខ្នះខ្នែងក្នុងការខិតខំថែរក្សាសត្វទាំងអស់នេះផងដែរដោយលោកតែងតែព្យាយាមចុះពិនិត្យនិងសង្កេតស្ទើរ តែរៀងរាល់ល្ងាចនៅតំបន់មួយនេះ ធ្វើយ៉ាងណាដើម្បីការពារកុំឲ្យមានប្រជាពលរដ្ឋគាត់ចូលបបាញ់សត្វនៅទីនេះតែធ្វើបង្កឲ្យមានការរំខានដល់ការរស់នៅរបស់សត្វទាំងអស់នេះ៕


ចែករំលែក៖