ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះ នៅតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ៖ ថ្ងៃនេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ១០%ទៅ២៥%។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្សាមី (Gaemi) គ្របដណ្តប់ លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យលិកន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី១៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥,៥០ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C ។ ខ្យល់បក់
មកពីទិសនិរតី មានល្បឿន មធ្យម ៤,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,២៥ម៉ែត្រ៕
ដោយ៖ តារា