ខេត្តកំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រកាសត្រៀមអបអរសាទរយ៉ាងក្លៀវក្លាក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវរៀបចំពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ និង០៩នាទីខាងមុខនេះ ។
លោកមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រប់បណ្ដាកងឯកភាព និង ការិយាល័យ ផ្នែកចំណុះ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដាអង្គភាពនីមួយៗ ឲ្យមានភាពអធិកអធម និងមហោឡារិក ដោយត្រូវរៀបចំពិធីវាយជួង ទូងស្គរ គោះរគាំង ឲ្យបានព្រមៗគ្នា ក្នុងពេលវេលាតែមួយ ដើម្បីអបអរសាទរក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ។
លោកមេបញ្ជាការ បានបញ្ជាក់បន្ថែមទៀតថា យើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ ដោយសារនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងថ្មីៗបន្ថែមទៀត ពិសេសគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនៅក្រោយពេលស្ថាបនារួច ធ្វើឱ្យការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មិនបាច់ឆ្លងកាត់ប្រទេសជិតខាង ហើយព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនរុងរឿងបន្ថែមទៀត និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជាយេីងទាំងមូល ។
ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទាំងអស់ ព្រមទាំងក្រុមគ្រួសារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ នៅពេលខាងមុខដ៏ខ្លីនេះ ឱ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖ តារា