ព័ត៌មានទាន់ហេតុការណ៍៖

លោក សែ វុទ្ធី អញ្ជើញក្រុងពាលី សាងសង់អគារស្នាក់ការគណបក្សឃុំត្រពាំងស្ដៅ និងប្រគេនទេយ្យទានគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣ វត្តក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សែ វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំត្រពាំងស្ដៅស្រុករមាសហែកនិងលោកសុខា រ៉ានាថ អនុប្រធានចុះជួយមូលដ្ឋាន ឃុំត្រពាំងស្ដៅ នាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សាងសង់អគារស្នាក់ការគណបក្ស ឃុំត្រពាំងស្ដៅនិងបានអញ្ជើញប្រគេនទេយ្យទានគ្រឿងឧបភោគបរិភោគ និងបច្ច័យផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្តមានដូចជាវត្ត ឧត្តមសាមគ្គី វត្តស្វាយទន្ទឹមនិងវត្តទួលសុក្រំស្ថិតក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែក។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោកស៊ូ ម៉ុល អភិបាលស្រុកលោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុកលោកនាយករដ្ឋបាលស្រុក អស់លោកលោកស្រីក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងស្ដៅ លោកមេឃុំសមាជិកក្រុមប្រឹក្សាឃុំ ជាច្រើននាក់ផងដែរ។

លោក សែ វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំត្រពាំងស្ដៅ បានផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹក ពីសំណាក់លោកសៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដល់បងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទដែលបានចូលរួមនាពេលនេះផងដែរ។

លោក បានមានប្រសាសន៍ ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាល ពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។

លោក បានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឱ្យកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ទៀតផងដែរ។

លោកបានបន្ថែមថា សូមនិមន្ត ព្រះសង្ឃនៅគ្រប់វត្ត និងជំរុញដល់ប្រជាពលរដ្ននៅ គ្រប់ទីកន្លែង  ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមរំលឹកថា ក្នុងឱកាសព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖