ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ស.ស.យ.ក ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រចំនួន១១៦៦៥គ្រួសារ ក្នុងរយៈពេល០៤ថ្ងៃ នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ (IMR) បានចុះ ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្នុងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១ សីហា ឆ្នាំ២០២៤ ដែលមានប្រជាជាពលរដ្ឋសរុបចំនួន១១៦៦៥គ្រួសារ។

កម្មវិធីប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យស់ ផានីតា អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និង លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដោយមានការចូលពី លោកវេជ្ជបណ្ឌិត ប្រធានក្រុមគ្រូពេទ្យ ប្រធានអង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ  និងក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីតាំងក្នុងបរិវេណវត្តសារ៉ាវ័ន្ត ហៅវត្តថ្វាយបង្គំ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

លោកស្រី ម៉ារីណា តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រាប់ឲ្យ ដឹងថា កម្មវិធីនេះមានចំនួន៤ថ្ងៃថ្ងៃទី២៩ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ការថែទាំសុខភាពបឋម និងការព្យាបាលនិងពិនិត្យជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពទៅព្យាបាលជំងឺបាន ជាពិសេស បញ្ហាសុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ពិនិត្យសន្លាក់ឆ្អឹង ទឹកនោមផ្អែម លើសឈាម ជាដើម។

ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ មានសេចក្ដីរីករាយសប្បាយចិត្ត នូវការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានលះបង់ពេលវេលា មកព្យាបាលឲ្យប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន និងអាចសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលមានបញ្ហាសុខភាពបានយ៉ាងច្រើន។

ជាចុងក្រោយក្នុងពិធីនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា កម្មវិធីពេលនេះគឺជាលើកទី២ ហើយដែលក្រុមគ្រូពេទ្យ សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ចុះមកខណ្ឌ៧មករា កម្មវិធីនេះដែរ កើតឡើងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការដៃគូ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកអភិបាលមានសេចក្តីសោមនស្សរីករាយឥតឧបមាដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ បានចុះមកពិនិត្យសុខភាពទូទៅជូនប្រជាពលរដ្ឋ ក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖