ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ស្តីពីការផ្សាយរបស់សារព័ត៌មាន KH Plus News ប្រតិកម្មមកលើការអនុវត្តច្បាប់ របស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤ មានការផ្សាយ ផ្ទាល់នៅលើបណ្តាញសង្គម (Facebook) របស់គណនីឈ្មោះ KH Plus News ក្រោមចំណងជើងថា “ទៀតហើយឃាត់ឡានដឹកដំឡូងមិនដោះស្រាយ ទុកទាល់តែខូចអស់ តើអ្នកណាទទួលខុសត្រូវ?”។

ដើម្បីចៀសវាងការភាន់ច្រឡំចំពោះករណីខាងលើនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ២១ និង ៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូចឆ្មារ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងតេស្តទឹកម៉ូត រកសារធាតុញៀន ហើយសមត្ថកិច្ចក៏បានឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម 3A-6699 ទាក់សឺមីរ៉ឺម៉ក ផ្លាកលេខ កំពង់ចាម 4A-2323 បើកបរដោយ ឈ្មោះ ជឹម ហ៊ុន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលបានដឹកដំឡូងចេញពីខេត្តកំពង់ធំ ឆ្ពោះទៅព្រំដែនវៀតណាម និងបានឱ្យតៃកុងរថយន្តធ្វើតេស្តទឹក ម៉ូតរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន បន្ទាប់មកសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឹម ហ៊ុន រួមទាំងរថយន្តខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ និងបានកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ តាមនិតិវិធី។

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងបញ្ជូនមកពីសមត្ថកិច្ចនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ហើយតំណាងអយ្យការបានសម្រេចធ្វើ កំណត់ហេតុស្តីពីការបង្គាប់ឱ្យចូល បង្ហាញខ្លួនភ្លាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងតាមនីតិវិធី។

សូមជម្រាបជូនសាធារណៈជនផងដែរថា៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣០នាទី តាមរយៈលោកអធិការរង បានរាយការណ៍មកតំណាងអយ្យការថា “ម្ចាស់ដំឡូង បានស្នើសុំ យកដំឡូងពីលោកអធិការស្រុកក្រូចឆ្មារ ដើម្បីយកដំឡូងទៅលក់”។ ក្រោយពីទទួលបានដំណឹងពីលោកអធិការរង តំណាងអយ្យការក៏ឯកភាពជាគោលការណ៍ប្រគល់ដំឡូងឱ្យទៅម្ចាស់ដំឡូងវិញនៅវេលា ថ្ងៃខែឆ្នាំដដែល។

ដូចបានជម្រាបជូនខាងលើ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ពិតជាមានការ សោកស្តាយជាខ្លាំងចំពោះសារព័ត៌មានខាងលើ ដែលបានធ្វើការផ្សព្វផ្សាយ នាំឱ្យសាធារណជនមានការ យល់ច្រឡំមកលើការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖