ប្រ៊ុយណេ៖ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម។
ក្នុងជំនួបនេះអគ្គលេខាធិការអាស៊ាន បានចូលរួមសូមអបអរសាទរ កម្ពុជាសម្រាប់ភាពជាប្រធានប្តូរវេនរបស់អាស៊ាន លើក្របខណ្ឌកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ដែលនឹងគ្រោងរៀបចំនៅកម្ពុជា។ បណ្ឌិត កៅ គឹមហួន បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះកម្ពុជា ក្នុងការធ្វើជាប្រធាន ACCSM នៅឆ្នាំ ២០២៤- ២០២៦។ ទន្ទឹមនេះ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា ភាពជាប្រធានរបស់អាស៊ាននេះពិតជាចាំបាច់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ កំពុងផ្តល់អាទិភាពលើការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងន័យនេះ អគ្គលេខាធិការ ជឿជាក់ថា ភាពជាប្រធានរបស់កម្ពុជា ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអាចលើកកម្ពស់ ACCSM បានមួយកម្រិតបន្ថែមទៀត។
មានប្រសាសន៍ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីថ្លែងអំណរគុណដល់ អគ្គលេខាធិ ការដ្ឋានអាស៊ាន ដែលកន្លង មក តែងតែ បានជួយសម្របសម្រួលកិច្ចការងារនានារបស់កម្ពុជា ជាពិសេសលើវិស័យមុខងារសាធារណៈ។ លើសពីនេះឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ បន្ថែមលើកិច្ចការងារដែលបាន និងកំពុងអនុវត្តក្នុងក្របខណ្ឌ ACCSM+3។ ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមដោយសង្កត់ធ្ងន់លើការពិភាក្សា លើការរៀបចំផែនការសកម្មភាពរបស់អាស៊ាន សម្រាប់ឆ្នាំ២០២៦-២០៣០ ដែលភាគីទាំងពីរនឹងត្រូវបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។
ជំនួបទ្វេភាគីបានបញ្ចប់ដោយភាតរភាព ស្និតស្នាល និងទទួលបានលទ្ធផលការងារគួរជាទីមោទនៈ៕
ដោយ៖ សូរិយា